អាល្លឺម៉ង់​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង់​អភិវឌ្ឍ​កម្ពុជា​ចំនួន ៦៤០លាន​ដុល្លារ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ គិត​ពីដើម​រហូតដល់​ឆ្នាំ២០១៩នេះ​ សាធារណៈ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង៦៤០​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ប្រមាណ ៣​% នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

​លទ្ឋ​ផល​នេះ​ ត្រូវ​បាន​ប្រកាស​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ និង​ជា​អគ្គលេខាធិការ​គណ:កម្មា​ធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (គ.ជ.នា​/ក.អ.ក​) និង​ លោក ​Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី២៨​ ខែ​ តុលា​ ឆ្នាំ២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា​ ទំហំ​ហិរញ្ញប្បទាន​នេះ​ មិនរាប់​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​ ដែល​ភាគី​អាល្លឺម៉ង់​បាន​ផ្តល់​ឱ្យ​កម្ពុជា​ តាមរយៈ​គម្រោង​ថ្នាក់​តំបន់​ និង​សកល​ ឬតាមរយៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ បណ្តាញ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អឺរ៉ុប​។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៨​ -២០១៩​ ហិរញ្ញប្បទាន​ឥត​សំណង​ទ្វេភាគី​របស់​អាល្លឺម៉ង់​មាន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អាទិភាព​ចំនួន​ ៣ រួមមាន​ ១ វិស័យ​អភិវឌ្ឍន៍​ជនបទ​ ២ វិស័យ​សុខាភិបាល​ និង៣​ វិស័យ​អភិបាលកិច្ច​។

ផ្អែក​តាម​លទ្ធផល​នៃ​កិ​ច្ច​ចចារ​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​ ១៤​-១៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នៅ​ទី​ក្រុង​ប៊ែ​កឡាំង​ ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​វឌ្ឍនភាព​កន្លងមក​ ហើយ​ឯកភាព​បន្ត​កិច្ចសហការ​ លើ​វិស័យ​អាទិភាព​ចំនួន៣​ ដោយ​គ្រោង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ចំនួន៥៤​,៤០​ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០១៩​-២០២០​។

ភាគី​អាល្លឺម៉ង់​ ក៏បាន​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ថ្នាក់​ឧត្តម​សិក្សា​ និង​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ ដល់​មន្ត្រី​រាជការ​ និង​និស្សិត​កម្ពុជា​ ការ​ផ្តល់​អ្នកជំនាញ​ការ​ អ្ន​កស្ម័​ក្រ​ចិត្ត​ និង​ជំនួយ​បច្ចេកទេស​នានា​ដល់​ក្រសួង​ និង​ស្ថាប័​រាជរដ្ឋាភិបាល​។

ទន្ទឹម​នេះ​ ភាគី​អាល្លឺម៉ង់​បាន​ និង​កំពុង​ចូលរួម​គាំទ្រ​ការអនុវត្ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ​ ២០១៥​-២០២៥​ តាមរយៈ​ការ​ការ​គាំទ្រ​វិស័យ​ឯកជន​ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ និង​ការ​កៀរគរ​វិនិយោគិន​អាល្លឺម៉ង់​មក​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here