ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងគោលបំណងបង្កើនសមត្ថភាពផលិត ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ អង្គភាពគ្រប់គ្រងគម្រោងសា្រវជ្រាវ ដើម្បីគាំទ្រការវិភាគវិស័យកសិកកម្ម ក្នុងក្របខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្វែងរកបញ្ហាប្រឈម និងដំណោះ ដើម្បីអាចទទួលបានលទ្ធផលល្ពប្រសើរ។
នៅក្នុងកិច្ចសិក្សាពិគ្រោះយោបល់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី មានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជាក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកតំណាងធនាគារ ADB ក្រុមហ៊ុនវិស័យឯកជន ក៏ដូចជាអ្នកតំណាងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ប្រធានបទដែលបានលើកយកមកធ្វើកិច្ចពិភាក្សា នៅក្នុងពិធីនេះ ផ្តោតសំខាន់ទៅលើលទ្ធភាពនៃការផលិតកសិផល និងឱកាសនៃការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិដែលកំពុងតែជួបភាពប្រឈម ដែលខ្វះលទ្ធភាពក្នុងការប្រកួតប្រជែង ជាពិសេសបណ្តាប្រទេសជិតខាងមួយចំនួនដូចជាប្រទេសវៀតណាម ថៃ តួគី ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានទទួលស្គាល់ពីលទ្ធភាព ក្នុងការផលិតកសិផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេសពិតជាមានភាពខ្វះខាតច្រើន ដែលត្រូវតែមានវិធានការដោះស្រាយ។
លោកបានមានប្រសាសន៍ថា “ការផលិតរបស់យើង គឺនៅមានកម្រិតនៅឡើយ ដែលមិនទាន់អាចនឹងធានាបាននូវកំណើនសេដ្ឋកិច្ចនោះទេ ដែលខុសពីប្រទេសជិតខាងមួយចំនួនដូចជា វៀតណាម និងថៃ កសិកម្មរបសើគេគឺអាចធានាកំណើនសេដ្ឋកិច្ចបានមួយផ្នែក”។ លោកបានបន្តទៀតថា “បញ្ហាចម្បងដែលជាឧបសគ្គនៅក្នុងវិស័យនេះ គឺពាក់ព័ន្ធនឹងកត្តាសំខាន់ចំនួនដូចជា ការប្រើប្រាស់ដីនៅមិនទាន់អស់លទ្ធភាព បញ្ហាធារាសាស្ត្រ ដែលនៅមិនទាន់ស៊ីចង្វាក់នឹងគ្នានៅឡើយ ការផ្គត់ផ្គង់អគ្គិសនីនៅមានកម្រិត និងការអភិវឌ្ឍលើវិស័យដឹកជញ្ជូន”។
លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍បន្តទៀតថា ការនាំចេញផលិតផលកសិផលនៅពេលបច្ចុប្បន្ននេះ គឺមានការប្រកួតប្រជែងគ្នានៅក្នុងតំបន់យ៉ាងខ្លាំង។ បញ្ហាបច្ចេកទេស និងបញ្ហាពូជវាមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ត្រូវបានកំណត់ពីលក្ខខណ្ឌជាច្រើន ជាពិសេសកម្រិតគុណភាពស្ដងដារ ដែលសុទ្ធតែពាក់ព័ន្ធទៅកត្តាសំខាន់ទាំង៤ខាងលើនេះទាំងអស់។
លោកឧកញ៉ាបានបន្តទៀតថា “មុនពេលឈានទៅដល់ការកំណត់ និងចាប់យកចំណែកទីផ្សារអន្តរជាតិបាន ទាល់តែយើងខ្លួនឯងកំណត់ពីលទ្ធភាព គុណភាព និងបរិមាណផលិតឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ទើបអាចធ្វើការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ានបាន”។

នៅក្នុងឱកាសនេះ ក្នុងនាមជាសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានលើកទឹកចិត្ត ឱ្យមានការចូលរួមពីវិស័យឯកជនឱ្យមានភាពសកម្ម សហការជាមួយនឹងវិស័យរដ្ឋ ដើម្បីជំរុញការផ្សព្វផ្សាយឱ្យទូលាយ ទៅដល់អ្នកផលិតផ្ទាល់ក្នុងការយល់ដឹងពីគោលការណ៍កំណត់នានា ដើម្បីទទួលបានចំណេះដឹង និងមានលទ្ធភាពផលិតឱ្យស្របទៅនឹងតម្រូវការទីផ្សារ៕






