CEO​ Master​ Club​ មាន​សមាជិក​គ្រប់គ្រង​អាជីវកម្ម​ ២០០០ក្រុមហ៊ុន​ និង​ប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ជាង​ ១០០០លាន​ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ​ CEO​ master​ Club​ បាន​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​រាប់​ម៉ឺន​នាក់​ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយ​ជីវិត​ជាង​ ១,០០០នាក់​ ដែល​គ្រប់គ្រង​អាជីវកម្ម​ប្រមាណ ២​,០០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១​,០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១០ម៉ឺន​នាក់​។

CEO​ Master​ Club​ ជា​ស្ថាប័ន​ប្រមូលផ្ដុំ​ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​អគ្គនាយក​ដែល​មាន​លក្ខណៈ​អាជីព​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ ចាត់ចែង​ស្ថាប័ន​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

មានប្រសាសន៍​នៅក្នុង​ពិ​ធី​ប្រា​រព្វ​ខួប១០ឆ្នាំ​ នៃ​កិច្ច​ដំណើរការ​របស់​ CEO​ Master​ Club​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ក្រោម​ការចូលរួម​ពីសំណាក់​ម្ចាស់​អាជីវកម្ម​ជោគជ័យ​ជាង១៣០០នាក់​ កាលពី​រាត្រី​ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ International​ និង​វិទ្យាស្ថាន​ CEO​ បាន​លើកឡើង​ថា​ បើ​យើង​ទាំងអស់គ្នា​ចង់ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ដាច់ខាត​ត្រូវតែ​ជួយ​កសាង​សមត្ថភាព​ និង​ជ្រោមជ្រែង​សហគ្រិន​នៅក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

លោក​បាន​បន្ត​ទៀត​ថា​ សហគ្រិន​គឺជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ដូចជា​ ទី១​ បាន​បង្កើត​ផលិតផល​សេវាកម្ម​ ឆ្លើយតប​តម្រូវការ​របស់​សង្គមជាតិ​ ទី២​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ ទី៣​ ចូលរួម​ចំណែក​កសាង​គុណភាព​ធនធានមនុស្ស​បាន​ច្រើន​ និង​ទី៤​ ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន​ ដែល​ទាំងនេះ​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​បាន​ឆាប់រហ័ស​ និង​រឹងមាំ​យូរអង្វែង​។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​ និង​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​របស់​ CEO​ Master​ Club​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ​ ពេលនេះ​យើង​បាន​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​រាប់​ម៉ឺន​នាក់​ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយ​ជីវិត​ជាង១​,០០០នាក់​ ដែល​គ្រប់គ្រង​អាជីវកម្ម​ប្រមាណ២​,០០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមាណ​ជាង១​,០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ១០ម៉ឺន​នាក់​”។

លោ​កអោម​ សេង​បូរ៉ា​បាន​បន្ត​ទៀត​ថា​ “ជា​ការកំណត់​សម្គាល់​ CEO​ Master​ Club​ ​បាន​រក​ឃើញ​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ២០១៩ចំនួន៧៨រូប​ ក្នុងចំណោម​ជាង១០០០នាក់​ រួម​ជាមួយនឹង​ការ​ប្រគល់​ពានរង្វាន់​ផង​ដែរ​”។

ពានរង្វាន់​ដែល​ត្រូវ​បាន​ប្រគល់​ជូន​សហគ្រិន​ឆ្នើម​ (CEO​ Award​) ទាំង៧៨រូប​ខាងលើ​នេះ​ត្រូវ​បាន​ចែកចេញជា៤ប្រភេទ​ រួមមាន​ដូចជា​ ទី១​ Master​ CEO​ Award​ (ពាន​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័រ​) ជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​ និង​លើកទឹកចិត្ត​សហគ្រិន​ដែល​បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ធុរកិច្ច​កំពូល​ជាមួយ​ CEO​ Master​ Club​ ចាប់ពី​ ៨ កម្មវិធី​ឡើង​ទៅ​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​។ ទី២​ Outstanding​ Entrepreneur​ Medal​ (មេដាយ​សហគ្រិន​ឆ្នើម​) ជា​មេដាយ​សម្រាប់​ទទួលស្គាល់​ស្នាដៃ​សហគ្រិន​លេចធ្លោ​របស់​CEO​ Master​ Club​ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​រីកចម្រើន​អាជីវកម្ម​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ បន្ទាប់ពី​បាន​អនុវត្ត​នូវ​របៀបរបប​ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់​ដា​ បន្ទាប់ពី​បាន​ចូលរួម​ជាស​មា​ជិ​កគ្រួសារ​ CEO​ Master​ Club​។

ទី៣​ Outstanding​ Accounting​ Award​ (ពាន​គណនេយ្យ​ឆ្នើម​) ជា​ពាន​សម្រាប់​ទទួលស្គាល់​ និង​លើកទឹកចិត្ត​ដល់​សហគ្រិន​ឆ្នើម​របស់​ CEO​ Master​ Club​ ដែល​បាន​រៀបចំ​របៀបរបប​ និង​ស្តង់ដារ​គ្រប់គ្រង​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​បាន​ល្អ​ និង​រឹងមាំ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន​។ ទី៤​ Outstanding​ CEO​ Award​ (ពាន​ ស៊ី​អ៊ី​អូ​ ឆ្នើម​) ជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​ស្នាដៃ​ សហគ្រិន​ឆ្នើម​របស់​សមាជិក​ CEO​ Master​ Club​ ដែល​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​CEO​ Award​ថា​ ជា​បេក្ខភាព​ដែល​បាន​បង្ហាញ​លទ្ធផល​ និង​ការអនុវត្ត​នូវ​របៀបរបប​ក្នុង​ការដឹកនាំ​ គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ឱ្យ​មានការ​ចម្រើន​ខ្លាំង​ទាំង​លក្ខណៈ​ជា​បុគ្គល​ជាគ្រួសារ​ ជា​ស្ថាប័ន​ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម​ បន្ទាប់ពី​បាន​ចូលរួម​ជាស​មា​ជិ​កគ្រួសារ​ CEO​ Master​ Club​៕

LEAVE A REPLY

Please enter your comment!
Please enter your name here