ប្រតិភូ​ធុរកិច្ច​មក​ពី​ខេ​ត្ត​ហ្វូ​ជា​នស្វែងយល់​ពី​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

0

ដោយ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ គណៈប្រតិភូ​ធុរជន​មក​ពី​ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​ មួយ​ក្រុម​បាន​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ជាមួយនឹង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើជា​ដៃគូ​។

ស្ថិតនៅ​ការិយាល័យ​នៃ​ក្រុមហ៊ុន​ Prince​ Holding​ Group​ កាលពី​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​របស់​លោ​កឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ គណៈប្រតិភូ​ធុរជន​ចិន​ដែល​មក​ពី​ខេ​ត្ត​ហ្វូ​ជាន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ រួម​ជាមួយនឹង​គោលបំណង​ស្វែងរក​ក្រុមហ៊ុន​ ក្នុង​ស្រុក​ធ្វើជា​ដៃគូ​ផង​ដែរ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោ​កឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ និង​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជូន​ពាណិជ្ជករ​បរទេស​ ដែល​មានបំណង​វិនិយោគ​នៅ​កម្ពុជា​ នឹង​ទទួល​កិច្ច​សម្រួល​បំពេញបែបបទ​ងាយស្រួល​ ព្រមទាំង​ផ្តល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​ការលើកលែង​ពន្ធ​ និង​ពន្ធ​បង់​នូវ​កម្រិតទាប​សម្រាប់​នាំចេញ​-នាំចូល​ផលិតផល​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​ សហ​ភាព​អ៊ឺ​រ៉ុប​ ជប៉ុន​ កាណាដា​ និង​អាមេរិក​ជាដើម​។

​លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​បាន​សម្រួល​ជូន​ដល់​ពាណិជ្ជករ​បរទេស​ នូវ​ការ​វិនិយោគ​ លើ​ការលើកលែង​ពន្ធ​ចំនួន​ពី១​-៩ឆ្នាំ​ ការ​អនុគ្រោះ​ពន្ធ​លើ​ការ​បង់ពន្ធ​អប្ប​បរិមា​ ពន្ធលើប្រាក់ចំណេញ​មិន​លើស​ពី២០ភាគរយ​ ដោយ​អ្នក​វិនិយោគ​អាច​បង្វិលទុន​មាន​ភាព​ងាយស្រួល​ និង​មាន​ដើមទុន​របស់​ខ្លួន១០០ភាគរយ​”។

ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​ លោក​ LIU​ DEPEI​ បាន​សម្តែង​នូវ​ភាព​រីករាយ​ សម្រាប់​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដល់​គណៈប្រតិភូ​ខេ​ត្ត​ហ្វូ​នជាន​ ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​លោក​បាន​មានប្រសាសន៍​ថា​ “ខេ​ត្ត​ហ្វូ​ជាន​ ដែល​ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ចិន​ ក្នុងរយៈពេល ៤០ឆ្នាំ​កន្លងមក​ គឺ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​ មានការ​ធ្វើ​កំណែទម្រង់​ស្ទើរគ្រប់​វិស័យ​ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការនាំចេញ​-នាំចូល​ផលិតផល​ទៅកាន់​ប្រទេស​នានា​ ស្របតាម​យុទ្ធ​សាស្រ្ត​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​មួយ​ បាន​ជំរុញ​ឱ្យ​កម្ពុជា​-ចិន​មាន​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​”។

ជាមួយគ្នា​នេះ​ លោក​បាន​លើក​នូវ​ចំណុច​សំខាន់៣​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ខេ​ត្ត​ហ្វូ​នជាន​ រួមមាន​ ទី១​ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ ដោយ​វិនិយោគ​នៅ​កម្ពុជា​លើ​ឧស្សាហកម្ម​ធុន​ស្រា​ស កសិកម្ម​ និង​ធនធាន​រ៉ែ​ ទី២​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​ នឹង​ដឹកនាំ​សហគ្រាស​ខេ​ត្ត​ហ្វូ​ជាន​ ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​វាយភណ្ឌ​ ស្បែកជើង​ សម្លៀក បំពាក់​ និង​អាហារ​ ព្រមទាំង​ស្វាគមន៍​ចំពោះ​ពាណិជ្ជករ​កម្ពុជា​វិនិយោគ​នៅ​ខេ​ត្ត​ហ្វូ​ជាន​ និង​ទី៣​ ពង្រីក​ និង​ពង្រឹង​ការ​ផ្លាស់​ប្តូរ​ ការ​ទំនាក់ទំនង​ និង​ទស្សនកិច្ច​រវាង​កម្ពុជា​-ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here