ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពង្រីកសង្គ្រាមពាណិជ្ជកម្មពិភពលោកជាមួយថៃ ដោយលោកដាក់ពន្ធពាណិជ្ជកម្មចំនួន១,៣ ពាន់លានដុល្លារដោយព្យូរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (GSP)។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានប្រកាសនៅថ្ងៃនេះថា លោកប្រធានាធិបតី Donald J. Trump កំពុងផ្អាកការអនុគ្រោះពាណិជ្ជកម្ម ចំនួន ១,៣ពាន់លានដុល្លារចំពោះថៃក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដោយផ្អែកលើការខកខានមិនបានផ្តល់សិទ្ធិកម្មករ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ នេះបើយោងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យតំណាង ពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃសុក្រ។
-->
រដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា “ការព្យួរការអនុគ្រោះពន្ធនេះ ដោយសារតែថៃមិនបានការពារសិទ្ធិកម្មករ ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទ”។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យដឹងថា “ទោះបីជាមានការចូលរួមអស់រយៈពេល៦ឆ្នាំមកហើយក្តី ថៃមិនទាន់ចាត់វិធានការដើម្បីផ្តល់សិទ្ធិការងារ ដល់ពលករដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលត្រូវបានកំណត់នៅក្នុងញត្តិឆ្នាំ២០១៥ ពីសហព័ន្ធការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) ដូចជាការផ្តល់ការការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងការចរចាជាសមូហភាព”។
ការព្យួរពន្ធគយនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែ មេសា ហើយនឹងរួមបញ្ចូលទំនិញថៃជិត៦០០មុខ។ ពន្ធលើទំនិញទាំងនោះនឹងកើនឡើងដល់ ៤,៥ ភាគរយ។
លោក Pimchanok Vonkorpon អគ្គនាយកនៃក្រសួងពាណិជ្ជកម្មថៃ បានថ្លែងថា ការសម្រេចចិត្តរបស់អាមេរិក នឹងមានផលប៉ះពាល់តិចតួចលើការនាំចេញសរុប ប៉ុន្តែក្រុមហ៊ុនថៃ នឹងប្រឈមមុខនឹងឧបសគ្គ ដែលពិបាកនៅពេលប្រកួតប្រជែងសម្រាប់ ទីផ្សារអាមេរិក។
លោក Pimchanok បានថ្លែងនៅក្នុងសន្និសីទកាសែត នៅទីក្រុងបាងកកថា “នៅពេលការផ្អាកនេះចូលជាធរមាន ថៃនឹងលែងទទួលបានផលប្រយោជន៍ ពីដៃគូប្រកួតប្រជែងរបស់ខ្លួន ហើយនឹងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំង”។
ស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក បានរក្សាការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារតែការព្រួយបារម្ភអំពីសិទ្ធិរបស់កម្មករ។
ក្រុមអ្នកវិភាគជឿជាក់ថា កម្លាំងជំរុញបន្ថែមមួយទៀត កើតចេញពីអតុល្យភាពពាណិជ្ជកម្មដែលមានចំនួនកាន់តែច្រើនឡើងៗជាមួយថៃ។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ឱនភាពពាណិជ្ជកម្មរបស់អាមេរិក ជាមួយថៃបានឈានដល់ជិត២០ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។
សេចក្តីថ្លែងការណ៍មួយ ពីការិយាល័យពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា “បច្ចុប្បន្នថៃ គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២០របស់យើង ជាមួយនឹងពាណិជ្ជកម្មទំនិញសរុបចំនួន ៤៤,៥ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ ការនាំចេញទំនិញមានតម្លៃសរុប ១២,៦ពាន់លានដុល្លារ ខណៈការនាំចូលទំនិញមានតម្លៃ ៣១,៩ពាន់លានដុល្លារ”៕