ហុងគ្រី​នឹង​ជួយ​កម្ពុជា​ក្នុង​ការសិក្សា​លើ​បញ្ហា​ទឹក​ស្អាត​ និង​សំរាម

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ​ប្រធានាធិបតី​នៃ​ប្រទេស​ ហុង​ គ្រី​ លោក​ ​Janos​ Ader​ បាន​អះអាង​ថា​ នឹង​បញ្ជូន​ អ្នកជំនាញ​ការ​របស់​ហុងគ្រី​ ដើម្បី​មក​ជួយ​កម្ពុជា​ក្នុង​ការសិក្សា​លើ​បញ្ហា​ទឹក​ស្អាត​ លើ​បញ្ហា​សំរាម​ ទាំង​សំរាម​សំណល់រឹង​ និង​សំណល់រាវ​ និង​បញ្ហា​ផ្សេង​ៗទៀត​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​។

ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ ហុង​ គ្រី​ លោក​  Janos​ Ader​ ​បានឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​ ២៨​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ បន្ទាប់ពី​ការសិក្សា​ហើយ​ក្រុម​អ្នកជំនាញ​របស់​ហុងគ្រី​ នឹង​ផ្ដល់​ជូន​និង​ណែនាំ​នូវ​បច្ចេកវិទ្យា​ និង​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ បញ្ហា​សំណល់រឹង​ សំណល់រាវ​នៅ​កម្ពុជា​យើង​។

លោក​ប្រធានាធិបតី​បន្ថែម​ថា​ លើស​ពីនេះ​ទៅទៀត​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា​រយៈពេល​វែង​ទាំង​សង្គម​ ទាំង​ធនធាន​មនុស្ស​ ទាំង​សុខភាព​ផង​នោះ​ ។ ជាមួយគ្នា​នេះ​ លោក​បាន​លើកឡើង​សារ​ជាថ្មី​ទៀត​ថា​ ប្រទេស​ហុងគ្រី​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​ និង​ស្នើសុំ​ឱ្យ​មិន​ឱ្យ​មានការ​ដកហូត​ EBA​ ពី​កម្ពុជា​ផង​ដែរ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ហុងគ្រី​ ចំពោះ​អ្វី​ដែល​បាន​លើកឡើង​ពី​ការ​ជួយ​ដល់​ការអភិវឌ្ឍន៍​កម្ពុជា​ ។

សម្តេច​ថា​ “ជំនួប​របស់​យើង​ជា​លើក​ទី៣នេះ​ គឺជា​ការ​ភ្ជាប់​ទំនាក់ទំនង​ ក៏ដូចជា​ការ​កសាង​ទំនាក់ទំនង​ និង​ពង្រឹង​ទំនាក់ទំនង​យើង​ឡើងវិញ​។ ទំនាក់​ទង​កម្ពុជា​ និង​ហុងគ្រី​មាន​អស់​រយៈពេល​ជាង៦០ឆ្នាំ​មក​ហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​ និង​សំរាម​ សម្ដេច​តេជោ​បាន​ស្នើសុំ​ឲ្យ​ភាគី​ហុងគ្រី​បញ្ជូន​អ្នកជំនាញ​ដើម្បី​មក​ធ្វើការ​សិក្សា​ ផ្តល់​យោបល់​ និង​ចូលរួម​សហការ​ជាមួយ​កម្ពុជា​យើង​លើ​ទាំង​បញ្ហា​ទឹក​ស្អាត​ បញ្ហា​សំណល់រឹង​ និង​សំណល់រាវ​។

សម្ដេច​ថា​យើង​ត្រូវ​ផ្តល់​អទិ​ភាព​លើ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ទៅលើ​បញ្ហា​សំណល់រឹង​ និង​សំណល់រាវ​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​ទៅតាម​ដង​សមុទ្រ​ និង​តាម​ដងទន្លេ​មេគង្គ​ ។ សម្តេច​តេជោ​ក៏បាន​ជម្រាប​ជូន​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យ៉ាង​សង្ខេប​ថា​ កម្ពុជា​កន្លងមក​តែងតែមាន​ការ​បែកបាក់​គ្នា​ ហើយ​រហូតមកដល់​ប៉ុន្មាន​ឆ្នាំក្រោយ​នេះ​ កម្ពុជា​ក៏​ទទួល​បាន​សុខ​សន្តិភាព​ និង​ស្ថេរ​ភាព​ពេញលេញ​ ថែមទាំង​មាន​កំណើន​សេដ្ឋកិច្ច​រហូតដល់​ជាង៧​%។

សម្តេច​តេជោ​ក៏បាន​ថ្លែងអំណរគុណ​ជូនចំពោះ​ប្រទេស​ ហុងគ្រី​ដែល​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​កម្ពុជា​ ជាពិសេស​លើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​នោះ​គឺទី ១​)គម្រោង​តេជោ​ភូមិ១០០​ ទី២​)សកម្មភាព​ដោះ​មីន​ ដើម្បី​ជំរុញ​អោយ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ២០២៥​ និង​ទី៣​)អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា​ចំនួន១៥ក្នុង១ឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here