លោក​ឧកញ៉ា​លឹម​ ហេង​៖ វិស័យ​កសិកម្ម​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ស្បៀង​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ប្រទេស​កសិកម្ម​ដ៏​មាន​សក្ដានុពល​ ដោយសារតែ​កត្តា​ធម្មជាតិ​ និង​សណ្ឋានដី​មាន​អំណោយផល​ ដែល​អាច​ទាញ​យក​ផលប្រយោជន៍​បាន​ច្រើន​សម្រាប់​ទ្រទ្រង់​ស្ថេរ​ភាព​ស្បៀង​ និង​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការចូលរួម​ជួយ​ជ្រោមជ្រែង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃម្សិល​ម៉ិញ​ថា​ មិនថា​ចំពោះតែ​ប្រទេស​កម្ពុជា​នោះ​ទេ​ វិស័យ​កសិកម្ម​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ថែរក្សា​នូវ​ស្ថេរ​ភាព​ស្បៀង​ និង​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​រដ្ឋាភិបាល​គួរតែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ថ្វីត្បិត​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ប្រទេស​ដែល​មាន​ភាព​អំណោយផល​លើ​វិស័យ​កសិកម្ម​ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​នៅតែ​មិនទាន់​អាច​ទាញ់​យក​ផលប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ បាន​ច្រើន​នៅឡើយ​នោះ​ទេ​ ជាពិសេស​មាន​ឧបសគ្គ​ ក្នុង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដែល​កំពុងតែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ជា​លទ្ធផល​និង​បទពិសោធន៍​កាលពី​ពេល​កន្លងទៅ​នេះ​ ផលិតផល​កសិកម្ម​កម្ពុជា​ ដែល​បាន​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ និង​ទទួល​បាន​ភាព​ជោគជ័យ​ គឺ​ឃើញ​មានតែ​អង្ករ​ ដែល​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ទីផ្សារ​សាកលលោក​ ប៉ុន្តែ​ក្រៅពី​នេះ​ដូចជា​ដំណាំ​ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ កៅស៊ូ​ ពោត​ សណ្តែង​ ស្វាយ​ និង​កសិផល​មួយចំនួន​ទៀត​ ចំពោះ​ការនាំចេញ​ហាក់​មានកម្រិត​ ដោយ​តែក​ត្តា​គុណភាព​ និង​ភាព​ប្រកួតប្រជែង​ទៅលើ​តម្លៃ​។

ឧបសគ្គ​នៃ​ការនាំចេញ​កសិផល​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​គឺ​មាន​ច្រើន​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​គុណភាព​ជាចម្បង​។ ​ទំនិញ​កសិផល​កម្ពុជា​នៅ​មិនទាន់​អាច​ទាញ​យក​ទំនុកចិត្ត​លើ​គុណភាព​ និង​សុវត្ថិភាព​ពីទី​ផ្សារ​អន្តរជាតិ​បាន​នៅឡើយ​នោះ​ទេ​ ដែល​ទាមទារ​ឱ្យ​កសិករ​ ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​ ដែល​ជា​អ្នក​ផលិត​ខិតខំ​ដោយខ្លួនឯង​ក្នុង​ការផលិត​ និង​ការ​អភិវឌ្ឍ​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ការដែល​អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ សំខាន់​គឺ​ត្រូវ​ធាតុផ្សំ​ដូចជា​ការ​ដឹង​ និង​ស្គាល់​ច្បាស់​ពី​ប្រភេទ​កសិផល​ដែល​ជា​តម្រូវការ​របស់​ទីផ្សារ​ កសិផល​ត្រូវ​ប្រាកដ​ថា​មានគុណ​ភាព​ និង​សុវត្ថិភាព​ខ្ពស់​ មានការ​ផ្សព្វផ្សាយ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ ក្រោម​កិច្ច​ចូលរួម​សហការ​ពីសំណាក់​វិស័យ​ឯកជន​ ជាពិសេស​ ពិចារណា​ទៅលើ​ថ្លៃដើម​នៃ​ការផលិត​ ដែល​អាច​ទាញ​យក​ផល​ចំណេញ​ត្រឡប់មកវិញ​បាន​។ នៅពេល​ដែល​ចំណុច​សំ​ខាន់​ៗទាំងអស់​នេះ​ត្រូវ​បាន​ដោះស្រាយ​ នោះ​វិស័យ​កសិកម្ម​នឹងអាច​ចូលរួម​ចំណែក​ នៅក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ល្អ​។

តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​កាលពី​ពេល​កន្លងទៅ​បាន​បង្ហាញថា​ ក្នុងរយៈពេល៨ខែ​ ឆ្នាំ២០១៩​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជិត៣លាន​តោន​។ ទីផ្សារ​កសិផល​របស់​កម្ពុជា​ រួមមាន​ប្រទេស​ចិន​ អឺរ៉ុប​ វៀតណាម​ ថៃ​ កូរ៉េ​ ឥណ្ឌា​ អូស្ត្រាលី​ អា​រ៉ា​ប៊ី​សា​អូឌីត​ និង​ប្រទេស​មួយចំនួន​ទៀត​។

កសិផល​ដែល​បាន​នាំចេញ​រួមមាន​ អង្ករ​ជាង៣៥ម៉ឺន​តោន​ ដំឡូងមី​ក្រៀម​ជិត១លាន​តោន​ ដំឡូងមី​ស្រស់​ជិត៩០ម៉ឺន​តោន​ ម្សៅដំឡូង​មី​ជាង៤ម៉ឺន​តោន​ គ្រាប់ស្វាយ​ចន្ទី​ជាង១៦ម៉ឺន​តោន​ គ្រាប់ពោត​ជាង១១ម៉ឺន​តោន​ សណ្តែកសៀង​ជាង៨ពាន់​តោន​ ចេក​ជាង៩ម៉ឺន​តោន​ ផ្លែស្វាយ​ជាង៣ម៉ឺន​តោន​ ម្រេច​ជាង៣ពាន់​តោន​ បន្លែ​ជាង១០០តោន​ និង​ដាំ​ណាំ​កសិផល​ផ្សេង​ៗទៀត​ជិត២០ម៉ឺន​តោន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here