ដោយ Donald Lee
ភ្នំពេញៈ ទិន្នន័យថ្មីដែលចេញផ្សាយ ដោយក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនបានឱ្យដឹងថា ការធ្វើពហិការលើទំនិញជប៉ុននៅកូរ៉េខាងត្បូង បានបំផ្លាញដល់ការលក់ស្រាបៀរ និងរថយន្តយ៉ាងខ្លាំង។
ការនាំចេញស្រាបៀរជប៉ុនទៅកូរ៉េខាងត្បូង បានធ្លាក់ចុះ ៩៩,៩៩ភាគរយ ក្នុងខែ កញ្ញា ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងហិរញ្ញវត្ថុជប៉ុន។
ក្រុមហ៊ុនស្រាបៀរជប៉ុនបាននាំចេញ តម្លៃត្រឹមតែ ៥,៤០០ដុល្លារ ក្នុងខែកញ្ញា ឆ្នាំនេះដែលជាការធ្លាក់ចុះខ្លាំងបំផុត បើប្រៀបធៀបទៅនឹងការនាំចេញស្រាបៀរ ដែលមានតម្លៃ៧,២លានដុល្លារកាលពីខែកញ្ញា ឆ្នាំមុន។
លើសពីនេះទៀត ការចុះបញ្ជីយានយន្តរបស់ជប៉ុន បានធ្លាក់ចុះ ៥៩,៨ភាគរយនៅកូរ៉េខាងត្បូង នៅក្នុងខែកញ្ញា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមសមាគមអ្នកចែកចាយ និងអ្នកចែកចាយរថយន្តកូរ៉េ (KAIDA)។
ការលក់រថយន្តរបស់ជប៉ុនបានធ្លាក់ចុះ១៧,២ភាគរយ ដែលចាប់ផ្តើមនៅក្នុងខែ កក្កដា និង៥៦,៩ភាគរយនៅក្នុងខែសីហា។ អ្នកវិភាគព្យាករណ៍ថា មកពីសង្រ្គាមពាណិជ្ជកម្ម ដែលបណ្ដាលឱ្យមានកាត់បន្ថយការលក់នៅកូរ៉េខាងត្បូង។
ការធ្វើពហិការរបស់កូរ៉េខាងត្បូង បានជះឥទ្ធិពលដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុនយ៉ាងខ្លាំងផងដែរ ខណៈការលក់រថយន្តបានកើនឡើងអស់រយៈពេល៥ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូងរហូតដល់ឆ្នាំ២០១៨ ។ ទន្ទឹមនឹងនេះ ការលក់ការនាំចូលរថយន្តប្រណីតពីប្រទេសផ្សេងៗបានឈានដល់ ២០,២០៤ភាគរយ កាលពីខែមុនដែលជាការកើនឡើង១៧.៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សង្រ្គាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុន បានចាប់ផ្តើមកាលពីឆ្នាំមុននៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូង បានបញ្ជាឱ្យសាជីវកម្មជប៉ុន បង់ប្រាក់សំណងសម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ១៩១០ ដល់១៩៤៥។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េធ្វើឱ្យមានជម្លោះ ដោយផ្ទាល់ជាមួយសន្ធិសញ្ញាឆ្នាំ១៩៦៥រវាងប្រទេសទាំងពីរ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាម គឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ៕






