ដោយ Donald Lee
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជាប់គាំង ដោយសារតែក្រុងប៉េកាំងស្ទាក់ស្ទើរ ក្នុងការទិញទំនិញកសិកម្មមានតម្លៃ៥០ពាន់លានដុល្លារ អាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្សព្វផ្សាយការទិញកសិផលនេះ បន្ទាប់ពីអ្នកចរចាពាណិជ្ជកម្មចិន បានជួបជាមួយមន្រ្តីរដ្ឋាភិបាលអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះ។
ទីក្រុងប៉េកាំងចង់ឲ្យអាមេរិក លុបចោលពន្ធគយលើទំនិញចិន ដែលមានតម្លៃ ១៥៦ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ និងរួមបញ្ចូលទាំងកុំព្យូទ័រ ទូរស័ព្ទចល័ត និងប្រដាប់ប្រដាក្មេងលេង។
ជាថ្នូរវិញ ចិននឹងចរចានាំចូលទំនិញកសិកម្មអាមេរិក ជាពិសេសសណ្តែកសៀងដែលប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា អាចមានតម្លៃរហូតដល់៥០ ពាន់លានដុល្លារ។
ទោះយ៉ាងណា ទីក្រុងប៉េកាំងមានការស្ទាក់ស្ទើរ ក្នុងការនាំចូលទំនិញកសិកម្មដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងមិនមែនផ្អែកលើសេដ្ឋកិច្ច ដែលផ្អែកលើទីផ្សារនោះទេ។
និយោជិកនៃក្រុមហ៊ុនចិនមួយ បានប្រាប់ស្ថានីយទូរទស្សន៍ CNBC របស់អាមេរិកថា “ចិនមិនចង់ទិញផលិតផលជាច្រើន ដែលប្រជាជននៅទីនេះមិនត្រូវការ ឬទិញអ្វីមួយនៅពេលដែលមិនមានតម្រូវការទេ”៕






