ADB​ នឹង​បន្ត​កែ​លម្អ​ និង​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​ សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅ​កម្ពុជា

0

​ដោយ​ ប៊ី

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) នឹង​បន្ត​ការ​កែ​លម្អ​ និង​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​ សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅ​កម្ពុជា​ ស្រប​ពេល​មាន​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន៨៩លាន​ដុល្លារ​ជាមួយនឹង​កម្ពុជា​ដោយ​នឹង​បង្កើន​លទ្ធភាព​របស់​តំបន់ជនបទ​ក្នុង​ការ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ ព្រមទាំង​កែ​លម្អ​កិច្ច​ខិតខំ​អភិវឌ្ឍ​ វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ ADB​ និង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាលពី​ម្សិលមិញ​សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក​ និង​អនាម័យ​ជនបទ​ដំណាក់កាល​ទី៣​ និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ប្រកប​ដោយ​បរិ​យា​ប័ន្ន (អនុ​កម្មវិធី​ទី២​) នៅ​ឯពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី​ Sunniya​ Durrani​-Jamal​ បាន​ថ្លែង​ថា​ “កម្មវិធី​ទាំងពីរ​នេះ​គាំទ្រ​ដល់​វិស័យ​ អាទិភាព​ទាំង៤​ របស់​យុទ្ធ​សាស្រ្ត​ចតុកោណ​ រួមមាន​ដូចជា​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​កែ​លម្អ​ ការថែទាំ​សុខភាព​ សាធារណៈ​ និង​អាហារូបត្ថម្ភ​ ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដោយ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ការងារ​ និង​មុខរបរ​ តាមរយៈ​កិច្ច​គាំទ្រ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​) ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​ តាមរយៈ​ការ​ លើកកម្ពស់​ វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​”។

ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០​ ០០០នាក់​ នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក​ និង​ អនាម័យ​ជនបទ​ ដំណាក់កាល​ទី៣​ ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​អនុម័ត​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៩​ តាមរយៈ​ ការសាងសង់​ និង​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ ចំនួន​ ២ ៥០០​ កន្លែង​ ព្រមទាំង​ ការអនុវត្ត​ យុទ្ធនាការ​លើកកម្ពស់​ការយល់​ដឹង​ យ៉ាងហោចណាស់​ក្នុង​ភូមិ​ចំនួន៤០០​ នៃ​ខេត្ត​ចំនួន១០​ ក្នុង​ ប្រទេស​ កម្ពុជា​។

សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ប្រកបដោយ​ចីរភាព​ និង​គួរ​ឱ្យ​ជឿជាក់​បាន​ នៅតែ​បន្ត​មាន​ភាព​ខ្វះខាត​ នៅ​ តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រជាជន​ចំនួន​ ៧៧​ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​ចំនួន​ ១៦.៤​ លាន​នាក់​រស់នៅ​។

ក្នុង​ឆ្នាំ២០១៧​ បើ​ទោះបីជា​គ្រួសារ​ជនបទ​ចំនួន៧៣​ ភាគរយ​ មានលទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​ ទឹក​ស្អាត​ក៏ដោយ​ ប៉ុន្តែ​ មានតែ​ ១១​ ភាគរយ​ ប៉ុណ្ណោះ​ ក្នុងចំណោម​គ្រួសារ​ទាំងនេះ​ ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ តាមរយៈ​ការ​ភ្ជាប់​បណ្តាញ​បំពង់​ទុយោ​។

ស្របគ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ជនបទ​ចំនួន​ ៥៦​ ភាគរយ​ មានលទ្ធភាព​ ទទួល​បាន​អនាម័យ​ប្រសើរ​ជាង​មុន​ ហើយ​ប្រជាពលរដ្ឋ​ជនបទ​ ប្រមាណ​ ៤១​ ភាគរយ​ នៅតែ​បន្ត​អនុវត្ត​ការ​បន្ទោបង់​ ពាសវាលពាសកាល​ ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាគរូស​ និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​។

អនុ​កម្មវិធី​ទី២​ នៃ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពី​ខែ​ កញ្ញា​ឆ្នាំ​ ២០១៩​ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ស្ថេរ​ភាព​ដែល​ជំរុញ​ការ​រួមបញ្ចូល​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

អន្តរាគមន៍​សំ​ខាន់​ៗ រួមមាន​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​ គ្រួសារ​នៅ​ជនបទ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ កម្មវិធី​នេះ​ក៏​នឹង​លើកកម្ពស់​ស្ថេរ​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការណែនាំ​សេវាកម្ម​ និង​ផលិតផល​ហិរញ្ញ​វត្ថុ​ថ្មី​ៗ។

វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍន៍​ហើយ​គ្រប​ដណ្តប់​ដោយ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​។ ខណៈ​កិច្ច​ជាច្រើន​សម្រេច​ ការ​ទទួល​បាន​ហិរញ្ញវត្ថុ​នៅតែ​មាន​កំរិត​នៅឡើយ​ ជាពិសេស​នៅ​តំបន់ជនបទ​។

ស្ទើរតែ​មួយភាគបី​នៃ​ប្រជាជន​ត្រូវ​បាន​គេ​បដិសេធ​ទាំងស្រុង​ដោយ​មិន​មានលទ្ធភាព​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ណាមួយ​ឡើយ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​រារាំង​ដោយ​កម្រិត​នៃ​ចំណេះដឹង​ទាប​ផ្នែក​ហិរញ្ញវត្ថុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here