សឹង្ហ​បុរី​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ចំនួន​បី​ក្នុង​ខេត្តបាត់ដំបង​

0

ដោយ ​វុត្ថា​

បាត់​ដំ​បងៈ​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​បាន​ថ្លែង​អះអាង​ថា​ វិនិយោគិន​សឹង្ហ​បុរី​បាន​និង​កំពុង​ស្វែងរក​ឱកាស​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​ និង​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្តបាត់ដំបង​ លើ​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​។

លោក​ Michael​ Tan​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី៣០​ ខែតុលា​ម្សិលមិញ​នេះ​ថា​ សិង្ហបុរី​មានការ​ចាប់អារម្មណ៍​វិនិយោគ​ លើ​វិស័យ​មួយចំនួន​ រួមមាន​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​ជាដើម​ ខណៈ​ដែល​ប្រទេស​មួយចំនួន​ ក៏បាន​ចាប់អារម្មណ៍​ពី​សក្តា​នុ​ពល​របស់​ខេត្ត​នេះ​ផង​ដែរ​។

លោក​បន្ត​ថា​ “មើល​ឃើញ​សក្តា​នុ​ពល​នេះ​ហើយ​ ទើប​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​មក​មើល​ដោយ​ផ្ទាល់​ ព្រមទាំង​ពិនិត្យមើល​វិ​ស័យ​ផ្សេង​ៗទៀត​ ដើម្បី​ឈាន​ទៅ​ស្វែងរក​កិច្ចសហការ​វិនិយោគ​ក្នុង​ខេត្ត​ភូមិភាគ​ពាយ័ព្យ​នេះ​”។

ឯកអគ្គ​រដ្ឋទូត​រូប​នេះ​បន្ថែម​ថា​ នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​មាន​សហការី​មក​ពី​ប្រទេស​សិង្ហបុរី​ ដែល​មាន​ជំនាញ​ផ្នែក​នគរូបនីយកម្ម​ មកកាន់​ខេត្តបាត់ដំបង​ ដែល​នេះ​ជា​ឱកាសល្អ​មួយ​សម្រាប់​អាជ្ញាធរ​ខេត្ត​ អាច​ជួបពិភាក្សា​លើ​ការងារ​នគរូបនីយកម្ម​ ព្រមទាំង​អាច​លើកយក​បញ្ហា​ទីក្រុង​វៃឆ្លាត​ អេកូ​ទេស​ចណ៍​ និង​វិស័យ​មួយចំនួន​ទៀត​មក​ពិភាក្សា​ក្នុង​ជំនួប​នោះ​។

អភិបាលខេត្ត​បាត់ដំបង​លោ​កងួន​ រតនៈ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ចំពោះ​គណៈប្រតិភូ​សិង្ហបុរី​ ដែល​នឹង​មកកាន់​ខេត្តបាត់ដំបង​ នា​ចុងឆ្នាំ២០១៩នេះ​ ហើយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ពួកគេ​ លើ​បញ្ហា​មួយចំនួន​រួមមាន​ បញ្ហា​ទឹក​ស្អាត​ ភាព​កក់​ខ្វក់​នៅក្នុង​ទីក្រុង​ និង​បញ្ហា​ផ្សេង​ៗទៀត​ និង​វិស័យ​មាន​សក្ដានុពល​មួយចំនួន​ ដើម្បីឲ្យ​អ្នក​ទាំងនោះ​មានការ​ចាប់អារម្មណ៍​ ហើយ​គៀរ​គរ​អ្នកវិនិយោគទុន​សិង្ហបុរី​ មក​វិនិយោគ​នៅ​ខេត្តបាត់ដំបង​។

លោក​អភិបាល​រូប​នេះ​ ក៏បាន​ស្នើ​ឱ្យ​ឯកអគ្គ​រាជទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ ជួយ​ជំរុញ​ដល់​អ្នកវិនិយោគទុន​សិង្ហបុរី​ ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ ដែល​មាន​សក្ដានុពល​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ ខណៈ​ពួកគេ​កំពុង​មានការ​ចាប់អារម្មណ៍​វិនិយោគ​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ខេត្តបាត់ដំបង​បច្ចុប្បន្ន​នេះ​ ពុំ​ទាន់​មានការ​វិនិយោគ​លើ​វិស័យ​នានា​ ពីសំណាក់​វិនិយោគទុន​សិង្ហបុរី​នោះ​ទេ​ ខណៈ​ដែល​ខេត្ត​មួយ​នេះ​ កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​ កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​ និង​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here