រដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកា​បាន​ ៩០ភាគរយ​ នៃ​ផែនការ​ថវិកា​ឆ្នាំ២០១៩​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមូល​ថវិកា​បាន​រហូតដល់​ទៅ​ប្រមាណ៩០ភាគរយ​ ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ​ ដែល​ការសម្រេច​បាន​នេះ​ ស្មើនឹង​ផែនការ​ថវិកាជាតិ​ប្រចាំឆ្នាំ​។

តាមរយៈ​របាយការណ៍​បូកសរុប​នៅក្នុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩នេះ​ បាន​បង្ហាញថា​ គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​ រួម​នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ និង​វិជ្ជមាន​។ ជាទូទៅ​ការ​ប្រមូល​ចំណូល​ និង​ការអនុវត្ត​ចំណាយ​ នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​នៅ​រក្សា​បាន​ និន្នាការ​ល្អ​ប្រសើរ​ទៅតាម​ការ​គ្រោងទុក​។

ក្នុងរយៈពេល៩ខែ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រមូល​ចំណូល​ថវិការដ្ឋ​សរុប​ស្មើនឹង៩០ភាគរយ​ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ២០១៩​ ដែល​ទិន្នផល​ចំណូល​នេះ​បាន​ពី​ការ​ប្រមូល​ដោយ​ពន្ធគយ​ និង​រដ្ឋាករ​ប្រមាណ៤៩ភាគរយ​ ពន្ធដារ​ប្រមាណ៣២ភាគរយ​។ចំណូល​មិនមែន​សារពើពន្ធ​ប្រមាណ១២ភាគរយ​ និង​ចំ​ណូល​ផ្សេង​ៗប្រមាណ៦ភាគរយ​។ រី​ឯការអនុវត្ត​ចំណាយ​ ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​។

សម្រាប់​ការអនុវត្ត​សកម្មភាព​នៃ​ការងារ​កែទម្រង់​ ទាំង​ក្របខណ្ឌ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រប​ ខណ្ឌ​ក្រសួង​-ស្ថាប័ន​ កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​ អាច​សម្រេច​បាន​គោលដៅ​ប្រចាំឆ្នាំ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ណែនាំ​ អំពី​កិច្ច​ការ​គន្លឹះ​ៗមួយចំនួន​ទៀត​ ត្រូវ​បន្ត​ពង្រឹង​ក្នុង​អនុវត្តន៍​ កសាង​ និង​រៀបចំ​បញ្ចប់​ រួមមាន​ជា​អាទ៍​ ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ផែនការ​សកម្មភាព​លម្អិត​សម្រាប់​អនុវត្ត​យុទ្ធ​សា​ស្ត្រគន្លឹះ​ៗ នានា​ ដូចជា​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឆ្នាំ២០១៩​-២០២៥​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០១៩​-២០២៥​, យុទ្ធសាស្ត្រ​កៀរគរ​ចំណូល២០១៩​-២០២៣​ និង​អនុក្រឹត្យ​ស្តី​ពី​ ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here