ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះស៊ីហនុគ្រោងចំណាយថវិការបស់ខេត្តចំនួន ៩៧.៦០៨.៦៣២.០០០រៀល ដែលស្មើ ២៥ លានដុល្លារអាមេរិកលើគម្រោងអាទិភាព ៦៦ សម្រាប់ឆ្នាំ២០២០ខាងមុខនេះ ។
យោងតាមរបាយការណ៍ របស់ទីចាត់ការវិនិយោគសាលាខេត្តព្រះសីហនុ បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ថា គម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២០ មាន ៦៦គម្រោង ក្នុងនោះមានដូចជា ការជួសជុលផ្លូវបេតុង ការស្តារលូ ស្ពាន មត្តេយ្យសហគមន៍ ជួស ជុលអគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ជួសជុលភ្លើងស្តុប ភ្លើងបំភ្លឺផ្លូវ និងពង្រីកសួនច្បារក្នុងក្រុងព្រះសីហនុ ជាដើម។
-->
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីកន្លងមកថ្មីៗនេះថា ការដាក់ចេញនូវគម្រោងអាទិភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺដើម្បីក្រុងព្រះសីហនុ ប្រែក្លាយជាទីក្រុងទំនើប មានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ។
លោកបន្ថែមថា ជាមួយគ្នានេះគឺជាការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះស៊ីហនុទទួលបាននូវការចាប់អារម្មណ៍ បណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ៕