ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា ៦០ភាគរយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ចុងក្រោយរវាងអាមេរិក និងចិនបានបញ្ចប់ ហើយត្រៀមខ្លួនដើម្បីចុះកិច្ចព្រមព្រៀង។
លោក Donald Trump បានសរសេរកាលពីម្សិលម៉ិញនេះថា “ចិន និងអាមេរិកកំពុងធ្វើការជ្រើសរើសទីតាំងថ្មីមួយ សម្រាប់ការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដោយបានធ្វើប្រមាណ៦០ភាគរយនៃកិច្ចព្រមព្រៀងសរុប បន្ទាប់ពីកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅក្នុងប្រទេសឈីលី ត្រូវបានលុបចោលធ្វើចំពោះកាលៈទេសៈដែលមិនទាក់ទងគ្នា”។
-->
អ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម “ដំណាក់កាល១” បណ្តោះ អាសន្ន ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅប្រទេសឈីលីនៅថ្ងៃទី១៦ ខែ វិច្ឆិកា ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏យូរអង្វែង ក្នុងរយៈពេលមួយឆ្នាំ ដែលបានបង្កឱ្យមានការរអាក់រអួលយ៉ាងខ្លាំង នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងឆ្ពោះទៅរកការធ្លាក់ចុះសេដ្ឋកិច្ច។
លោក Trump បានបន្ថែម “ទីតាំងថ្មីនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីស៊ី និងប្រធានាធិបតី Trump នឹងចុះហត្ថលេខា”។
ក្រុមអ្នកវិភាគជឿជាក់ថា ចិននឹងមានឆន្ទៈ ក្នុងការយកពន្ធលើទំនិញកសិកម្មរបស់អាមេរិក ជំនួសឱ្យការយល់ព្រមលើកម្មវិធីទិញ ដោយផ្ទាល់ជាមួយអាមេរិក។
ចិនបានដាក់ពន្ធ២៥ភាគរយ លើទំនិញកសិកម្មអាមេរិក ដូចជា សណ្តែកសៀងកាលពីឆ្នាំមុន។
លោក Cao Derong ប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ និងនាំចូលចំណីអាហារ ផលិតផលដើម និងផលិតផលសត្វ (CFNA) បានប្រាប់សារព័ត៌មាន Reuters ថា “អ្វីដែលរដ្ឋាភិបាលអាចធ្វើបាន គឺដកពន្ធគយបន្ថែមដែលភាគីទាំងពីរត្រូវធ្វើ។ បន្ទាប់មក ឱ្យក្រុមហ៊ុនធ្វើការទិញ ដោយផ្អែកលើឆន្ទៈរបស់ពួកគេផ្ទាល់ និងផ្អែកលើច្បាប់ទីផ្សារ”៕