ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ ២៧លាន​ដុល្លារ​ដើម្បី​លើក​កំពស់​គុណភាព​ជីវិត​​នៅ​រាជធានី​ភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​ចំនួន២​ ៧៧៧​ លាន​យ៉េន​ (ប្រមាណ​ជា​ ២៧លាន​ដុល្លារ​អាមេរិក​)សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ (The​ Project​ for​ Sewerage​ System​ Development​ in​ Phnom​ Penh​) ដែល​ជាផ្នែក​មួយ​នៃ​ការ​លើក​កំពស់​គុណភាព​ជីវិត​របស់​ប្រជាជន​។

យោង​តាម​សេ​ក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ JICA​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​មុន​ពេល​បង្ហូរ​ចូលទន្លេ​ តាម​ រយៈ​ការសាងសង់​រោង​ចក្រ​ប្រប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មួយ​ កន្លែងនៅ​បឹង​ជើងឯក​ក្នុង​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែល​មាន​ប្រវែង ២០០០​ម៉ែត្រ​ មានមុខ​កាត់ ៥០០​ម.ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដដែល​បន្ត​ថា​ រោងចក្រ​ប្រព្រឹត្ត​កម្ម​នេះ​ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន៥០០០ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​។ ការសាងសង់​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០២០​ ​ដែល​ត្រូវ​ចំណាយពេល​ប្រមាណ៣២ខែ​។ បន្ថែម​ពីលើ​ការសាងសង់​ គម្រោង​ក៏​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​ ក្នុង​ការគ្រប់គ្រង​រោងចក្រ​ដំណើរការ​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ជា​គម្រោង​បំពេញបន្ថែម​ឱ្យ​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំ​ហ៊ាន​ទី​ ១ ទី​ ២ ទី៣​ និង​ទី៤​ ដែ​លត្រូវវ​បាន​សាងសង់​ ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​។

គម្រោង​នេះ​ នឹង​រួមចំណែក​ដល់​កិច្ច​ខិតខំ​ ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ​ ក៏ដូចជា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ ទៅ​នឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​ ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ដែល​នាំ​នូវ​ការ​ការពារ​ និង​លើកកម្ពស់​គុណភាព​ទឹក​ និង​អនាម័យ​បរិស្ថាន​ ស្រប​ទៅ​នឹង​មុំ​ទី១​ នៃ​ចតុកោណ​ទី៤​ ដូច​មាន​ចែក​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នេះ​ គឺជា​ឯកសារ​គតិយុត្តិ​មួយទៀត​ បន្ទាប់ពី​លិខិត​ប្តូរ​សសារ​ ដែល​ទើបត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៣ ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ រវាង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ដែល​អាច​នាំ​ឱ្យ​ឈាន​តៅ​ដល់​ការអនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។

ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ ​(Japan​ ODA​) ពី​ប្រទេស​ជប៉ុន​ និង​ប្រជាជន​ជប៉ុន​ ឬនិយាយ​ឱ្យ​ចំ​ថា​ អ្នក​បង់ពន្ធ​ជប៉ុន​ចាប់ពី​ដំណើរការ​ កសាង​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ រហូតមកដល់​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ប្រមាណ​ជាង​ ៥០០០លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ ឥត​សំណង​ប្រមាណ៣៥០០​ លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here