ដោយ វុត្ថា
ភ្នំពេញៈ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃប្រទេសកាណាដាប្រចាំកម្ពុជាបានអះអាងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកើនឡើងរហូតដល់៨០០% ក្រោយពេលប្រទេសកាណាដា បានបើកឲ្យដំណើរការិយាល័យស្ថានទូតកាណាដានៅទីក្រុងភ្នំពេញ នៅឆ្នាំ២០១៦។
លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃប្រទេសកាណាដាប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយលោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែតុលាម្សិលមិញនេះបានឱ្យដឹងថា ចំពោះ FTA កិច្ចព្រមព្រៀងអាស៊ាន កាណាដានេះ នឹងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។
នៅក្នុងជំនួបរបស់លោក ស្រី Domica Pottie កាលពីពេលថ្មីៗនេះសម្តេចតេជោនាយករដ្ឋ មន្ត្រី ហ៊ុន សែនបានថ្លែងថា ទំហំពាណិជ្ជកម្មរវាងប្រទេស កាណាដា និង ប្រទេស កម្ពុជាបានកើនដល់ជាង១០០០លានដុល្លារ ហើយទំនិញដែលកម្ពុជានាំចេញ ទៅ ប្រទេសកាណាដា ភាគច្រើនជាផលិតផល សំលៀក បំពាក់ ។
ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធ (GSP) វិញ លោកស្រីបានថ្លែងថា កាណាដាផ្តល់ភាពអនុគ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ក្នុងគោលដៅសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយមិនភ្ជាប់ទៅនឹងលក្ខខណ្ឌសិទ្ធិមនុស្សឡើយ។ លោកស្រីបន្ថែមថា ជាមួយគ្នានេះ កាណាដាបានបង្កើតមូលនិធិ សម្រាប់ការបញ្ជូនកងកម្លាំងស្រ្តីក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយតាមរយៈមូលនិធិនេះ លោកស្រីសង្ឃឹមថា កម្ពុជា នឹងទទួលបានមូលនិធិបន្ថែម សម្រាប់ការបញ្ជូនកងកម្លាំងមួកខៀវស្រ្តីកម្ពុជា។
លោក ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំផ្ទាល់ខ្លួនរបស់លោកស្រីទូត ក្នុងការរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលសបញ្ជាក់តាមរយៈកំណើនយ៉ាងលឿន នៃទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យកំចាត់មីន អប់រំ បេសកកម្មថែរក្សាសន្តិភាព និងការប្រែប្រួលអាកាសធាតុ។ ក្នុងក្របខណ្ឌអាស៊ាន លោកបានបញ្ជាក់ថា កម្ពុជាគាំទ្រឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) អាស៊ាន-កាណាដា៕






