ជប៉ុន​សន្យា​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​សន្យា​បន្ត​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​អភិ​វឌ្ឍ៍​ផ្លូវការ​ (ODA​) ទាំង​ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ ឥណទាន​សម្បទាន​ និង​ជំនួស​បច្ចេកទេស​ ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នានា​ឱ្យ​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត​។

លោក​ Masaharo​ MIKAMI​ ​ឯកអគ្គ​រាជទូត​ថ្មី​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ នៅក្នុង​ជំនួប​ជាមួយ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិ​រញ្ញ​វត្ថុ​ប នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩ កន្លងមក​ បាន​ថ្លែងអំណរគុណ​ចំពោះ​មន្រ្តី​កម្ពុជា​ មក​ពី​គ្រប់​ស្ថាន​ប័ន​ពាក់ព័ន្ធ​ ដែល​តែងតែបាន​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិ​កដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា​-ជប៉ុន​នា​ពេល​កន្លងមក​នេះ​។

លោក​បណ្ឌិត​អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ដែរ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ជួយ​កម្ពុជា​រហូត​មក​ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ថា​ ប្រទេស​ជប៉ុន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដ៏​សំខាន់​ ក្នុង​ការចូលរួម​ចំណែក​ជួយ​គាំ​ទ្រ​ដល់​ម្ពុ​ជា​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ចំពោះ​លំហូរ​ទុន​ និង​ទំហំ​វិនិយោគឯកជន​ពី​ប្រទេស​ជប៉ុន​ ដែល​មាន​ចំនួន​កើតឡើង​ជាបន្តបន្ទាប់​ ដែល​បាន​ជួយ​ជំរុញ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ ទាក់ទាញ​អ្នក​វិនិយោគិន​ ភាព​ប្រកួតប្រជែង​ដើម្បី​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​ពង្រឹង​ច្បាប់​ ​កំណែទម្រង់​អភិបាលកិច្ច​ រួមមាន​ ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក និង​ការ​លើកកម្ពស់​ការ​តភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ ប្រពន្ធ​គ្រប់គ្រង់​ និង​មធ្យោបាយ​ដឹកជញ្ជូន​ សម្រួល​ដល់​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​ និង​ការ​វិនិយោគ​ឱ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នូវ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ក៏បាន​ស្នើរ​ដល់​ឯកអគ្គ​រាជទូត​ជប៉ុន​ ជួយ​សម្របសម្រួល​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​។

ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​ (Japan​ ODA​) ពី​ប្រទេស​ជប៉ុន​ និង​ប្រជាជន​ជប៉ុន​ផ្តល់​ដល់​កម្ពុជា​ ចាប់ពី​ដំណើរការ​កសាង​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​រហូតមកដល់​បច្ចុប្បន្ន​ មាន​ចំនួន​សរុប​ប្រមាណ​ជាង៥០០០លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ៣៥០០​ លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here