ដោយៈ រ៉ាណេត
ភ្នំពេញៈ ការនាំចេញផ្លែចេកកម្ពុជា នៅត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ មានចំនួនសរុបជាង ១១,០៥ ម៉ឺនតោន ក្នុងនោះទីផ្សារដែលនាំចេញដ៏សំខាន់ជាងគេនោះគឺប្រទេសចិន។
អ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុន Longmate ដែលទទួលបានការអនុញ្ញាតលើការនាំផ្លែចេកកម្ពុជា ចេញទៅកាន់ទីផ្សារប្រទេសចិនដំបូងគេបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសចិន ការនាំចេញផ្លែចេកកម្ពុជានឹងមានការកើនឡើងកាន់តែខ្ពស់ ហើយសង្ឃឹមថាអាចក្លាយជាផលិតផលដ៏ចាំបាច់ ក្នុងការនាំចេញរបស់ប្រទេសកម្ពុជា ហើយអាចបង្កើនបានប្រាក់ចំណូលខ្ពស់ជាងផលិតផលអង្ករថែមទៀតផង។
-->
ជាមួយនឹងការទទួលបានភាពជោគជ័យទៅលើការនាំចេញនេះ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងមានគម្រោង ពង្រីកផ្ទៃដីដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ចំនួន២២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣៣ម៉ឺនតោននាឆ្នាំ២០២០ខាងមុខនេះ។ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ្មីចំនួន៤ ក្នុងការនាំចេញផ្លែចេកទៅកាន់ប្រទេសចិន ហើយបច្ចុប្បន្ននេះសហគ្រាស ដែលនាំចេញផ្លែចេកទៅកាន់ប្រទេសចិនមានចំនួន៩ក្រុមហ៊ុន។
ក្រៅពីនេះ ក្រុមហ៊ុន Beijing Capital Agribusiness Group (CAG) ក៏បានប្រកាសថានឹងវិនិយោគតម្លៃជាង៣០ លានដុល្លារអាមេរិក ដើម្បីធ្វើការបង្កើតចម្ការដាំដុះដំណាំចេកក្នុងប្រទេសកម្ពុជាលើផ្ទៃដីជាង ១៥០០ហិកតា។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលវិនិយោគលើចំការចេកអំបូងលឿនប្រមាណ១០០០ហិកតា ដើម្បីនាំចេញផងដែរនោះបានមានប្រសាសន៍ថា ទីផ្សារចេកអំបូងលឿងនៅកម្ពុជាមានភាពទូលំទូលាយ ដោយយើងអាចនាំចេញទៅកាន់បណ្តាប្រទេសធំៗជាច្រើន ដែលនេះជាសក្តានុពលមួយសំរាប់កម្ពុជា ដែលអាចពង្រីកទីផ្សារនាំចេញបានកាន់តែច្រើននាពេលអនាគត៕