សម្ដេច​តេជោ​ ហ៊ុន​ សែន​ ស្នើ​ភាគី​ចិន​ចំនួន៣ចំណុច​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​

0

ដោយ​ ៖ រ៉ា​ណេត​

បាងកក​ ៖ នៅក្នុង​ការ​អញ្ជើញ​ចូលរួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ស្នើសុំ​ភាគី​ខាង​ប្រទេស​ចិន​ឱ្យ​បន្ត​ការ​គាំទ្រ​ និង​សហការ​ជា​ដៃគូ​វិនិយោគ​យ៉ាង​ជិត​ស្និត​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឱ្យ​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត​ ។

សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លោក​ លី​ ខឺ​ឈាង​ (Li​ Keqiang​) ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ កាលពី​រសៀល​ថ្ងៃទី៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ម្ស​លមិ​ញនេះ​ ។

ក្នុង​ជំនួប​នេះ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើការ​ជជែក​ពិភាក្សា​ទៅលើ​បញ្ហា០៣ចំណុច​សំ​ខាន់​ៗរួមមាន​៖

ទី១​) សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ចិន​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយសារ​ក្រុមហ៊ុន​ជាច្រើន​របស់​ចិន​នឹង​ត្រូវ​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​ បាន​គាំទ្រ​ចំពោះ​គម្រោង​នៃ​ការអភិវឌ្ឍន៍​នៃ​ខេត្ត​ព្រះសីហនុ​នេះ​ ហើយ​ឯកឧត្តម​មានប្រសាសន៍​ថា​ ប្រទេស​ទាំងពីរ​នឹង​ធ្វើការ​ពិភាក្សា​គ្នា​ ជាពិសេស​លើ​ជំនួយឥតសំណង​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

ទី២​) ទាក់ទង​នឹង​កិច្ចប្រជុំ​លើក​ទី៥គណៈកម្មាធិការ​នៃ​អន្តរ​រដ្ឋាភិបាល​កម្ពុជា​-ចិន​ ដោយ​សម្ដេច​តេជោ​បាន​ស្នើ​ឱ្យ​មាន​ជំនួប​នេះ​មុន​បំណាច់​ឆ្នាំ២០១៩ខាងមុខនេះ​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឯខេត្ត​ព្រះសីហនុ​នោះ​។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន​ បាន​មានប្រសាសន៍​ថា​ ចិន​នឹង​គាំទ្រ​ក្នុង​ការរៀបចំ​នៃ​កិច្ចប្រជុំ​នេះ​ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​រឿង​ថវិកា​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​។

ទី៣​) ទាក់ទង​ទៅ​នឹង​កិច្ចប្រជុំ​អនុ​តំបន់​ដែល​មាន​យន្តការ​ពីរ​ នោះ​មាន​យន្តការ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទន្លេ​ឡាន​ឆាង​ និង​ទន្លេមេគង្គ​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំក្រោយ​នេះ​ និង​កិច្ចប្រជុំ​កំពូល​អនុ​តំបន់​ទន្លេមេគង្គ​ដែល​ត្រូវ​ប្រជុំ​នៅ​ឆ្នាំក្រោយ​ដែរ​។ ហើយ​ប្រទេស​កម្ពុជា​ និង​ចិន​ នឹង​សហការ​គ្នា​ដើម្បី​ឱ្យ​កិច្ចប្រជុំ​នេះ​នៅ​ឆ្នាំក្រោយ​ទទួល​បាន​ភាពល្អ​ប្រសើរ​ ហើយ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ នឹង​ធ្វើ​កិច្ចការ​ងារ​នេះ​ជា​បណ្តើរ​ៗ។

ក្រៅពីនោះ​ទៀត​ពាក់ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំនេះ​ជា​ឆ្នាំ​ ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​ បាន​ឯកភាព​នូវ​ការអនុវត្ត​កិច្ច​សហប្រតិបត្តិ​ការ​ទៅលើ​ច្បាប់​ ដែល​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នា​ ហើយ​កន្លងមក​បាន​ឯកភាព​និង​រួមគ្នា​ក្នុង​ការអនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here