ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំឱ្យលោក នាយករដ្ឋមន្ត្រីរុស្ស៊ី ជួយជំរុញវិនិយោគិនរុស្ស៊ី ឲ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួនដូចជា វិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម ឧស្សាហកម្ម Electronic, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។

សម្ដេចតេជោ នៅក្នុងជំនួបជាមួយលោក Dmitry Medvedev នាយករដ្ឋមន្រ្តីនៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានឱ្យដឹងថា សម្ដេចពិតជារីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលមានការកើនឡើងកន្លងមកនេះ ហើយក្នុងន័យនេះ គឺដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្ដេចក៏បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភាព ចាប់ផ្ដើមអនុវត្តន៍គម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាព រយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
ដោយឡែក ពាក់ព័ន្ធនឹងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី កម្ពុជាអរគុណចំពោះការគាំទ្រជាគោលការណ៍របស់រុស្ស៊ីចំពោះកិច្ចប្រឹងប្រែង ឲ្យមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។
លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ីបានឱ្យដឹងដែរថា ប្រទេសរុស្សីចង់សហការជាមួយកម្ពុជា លើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្ម ហើយចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍ ខាងជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀត នៅកម្ពុជា។
លោកបន្តថា ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី នេះជាកិច្ចការមានសារៈសំខាន់ណាស់ ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលយើងអាចចុះកិច្ចព្រមព្រៀងនៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា យើងអាចមានកិច្ចសហសកាយ៉ាងល្អលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀតជាពិសេសនៅក្នុងការដោះមីននៅក្នុងវិស័យការពារជាតិ ដែលប្រទេសរុស្ស៊ីចង់បន្តក្នុងការបណ្ដុះបណ្ដាលមន្ត្រីយោធាកម្ពុជា។

លោកបន្ថែមថា ក្រៅពីនេះទៀត ពាក់ព័ន្ធនឹងមន្ទីរពេទ្យជាគម្រោងដ៏សំខាន់ ហើយយើងនឹងខិតខំប្រឹងប្រែង នៅក្នុងការធ្វើការងារនេះឲ្យបានឆាប់កាន់តែល្អ៕






