ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងបរិស្ថានបានលក់ឥណទានកាបូន ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកកែវសីមា ខេត្តស្ទឹងត្រែង បានចំនួន១១លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព ( Sustainable Financing )។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានមានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០» នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ចំពោះចំណូលបានមកពីឥណទានកាបូន ប្រមាណ១១លានដុល្លារអាមេរិកនេះ គឺជាអត្ថប្រយោជន៍ជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ។
លោកបានលើកឡើងថា ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការ WCS អង្គការCI និងអង្គការ Wildlife Alliance ក្រសួងបរិស្ថាន បានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្រោមក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព ( Sustainable Financing )។
ផ្អែកតាមឯកសារបានបង្ហាញថា កាលពីឆ្នាំ២០០៩ អង្គការ Pact Cambodia បានវិនិយោគ នៅក្នុងកម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន គាំទ្រដោយអង្គការសហប្រជាជាតិ មិនឲ្យមានការកាប់ព្រៃឈើ ដែលត្រូវបានគេស្គាល់ថាជាកម្មវិធី REDD+។ កម្មវិធី REDD+ ដែលទទួលបានចំណាត់ថ្នាក់ «មាស ៣» ពីសហគមន៍សម្ព័ន្ធបរិយាកាស និងជីវៈចម្រុះ មានគោលបំណងដើម្បីលក់ឥណទានកាបូន ជាថ្នូរនឹងការកាត់បន្ថយការកាប់ព្រៃឈើ នៅក្នុងខេត្តឧត្តរមានជ័យ។
ប៉ុន្តែអង្គការ Pact បានចាកចេញពីគម្រោងនេះ កាលពីខែកក្កដា ឆ្នាំ២០១៣ នៅពេលការលក់មានតម្លៃរហូតដល់
១,២លានដុល្លារ ពីការលក់ឥណទានកាបូនកកើតឡើងវិញ។

កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន ឌីសនី (Disney) របស់សហរដ្ឋអាមេរិក បានសម្រេចចុះហត្ថលេខាទិញកាបូន រេដបូក (Carbon Redd+) នៅដែនជម្រកសត្វព្រៃកែវសីមាចំនួន ២,៦លានដុល្លារ។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង នៅក្រសួងបរិស្ថាន ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ៕






