ដោយវុត្ថា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតជាប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI MASAHIRO បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុកន្លងមកប្រជាជនជប៉ុនស្គាល់តែអង្គរ ខេត្តសៀមរាប។
មានប្រសាសន៍នៅក្នុងជំនួបជាមួយលោក គួច ចំរើនអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯកអគ្គរាជទូចជាប៉ុនប្រចាំនៅកម្ពុជា លោក MIKAMI MASAHIRO បានឱ្យដឹងថា នេះជាលើកទីមួយដែលលោកមកទស្សនកិច្ច នៅខេត្តព្រះសីហនុ បន្ទាប់ពីមកធ្វើការនៅរាជធានីភ្នំពេញ។
-->
លោកបន្តថា កាលពីឆ្នាំមុន លោកក៏បានមកភ្នំពេញចូលរួមកិច្ចប្រជុំអាស៊ាន ហើយមកដល់បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍខ្លាំង។ កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ខេត្តព្រះសីហនុមានអគារខ្ពស់ៗជាច្រើនកំពុងមានការអភិវឌ្ឍខ្លាំងគួរឱ្យចាប់អារម្មណ៍។
ឯកអគ្គរាជទូតរូបនេះបន្ថែមថា រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ពិសេសជនជាតិជប៉ុន ដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការរលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូតជប៉ុន ចង់ដឹងពីការអភិវឌ្ឍខេត្ត លើបញ្ហាផ្លូវ លូរទឹកស្អុយ មានបញ្ហាប្រឈមអ្វីខ្លះនិងមានគម្រោងអភិវឌ្ឍខេត្តបែបណា និងថ្លែងអំណរគុណរដ្ឋបាលខេត្ត បានសហការ នៃកាចូលចតនាវាកងកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ នៅពេលខាងមុខនឹងមាននាវាជាច្រើនទៀត ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណរាជរដ្ឋា ភិបាលជប៉ុន គាំទ្រការអភិវឌ្ឍន៏នៅកម្ពុជា ការអភិវឌ្ឍនាពេលបច្ចុប្បន្នធ្វើឱ្យផ្លូវក្នុងក្រុងមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ឈានទៅខូចខាតទាំងស្រុង បើយើងមិនបានស្ថាបនាជួសជុលនោះទេ ។
លោកបន្តថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ហើយការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង មានវិស័យសំខាន់ៗដូចជា វិស័យសំណង់ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍ ។ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវគោកដោយសារកំណើន នៃការដឹកជញ្ជូនមានការកើនឡើង ក្នុងមួយថ្ងៃមានកុងតឺន័រប្រមាណ៧០០ ដឹកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត ។
លោកអភិបានលខេត្តរូបនេះបន្តថា កាលពីថ្ងៃទី៣០ខែសីហា ២០១៩កន្លងមក ក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រី សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិកាសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ៣៤ខ្សែ គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ។
លោកបានបញ្ជាក់ទៀតថា ខេត្តមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ផ្តល់ភាពអនុគ្រោះដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ៕