អាមេរិក​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ លោក​ Patrick​ Murphy​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ភាគី​កម្ពុជា​-អាមេរិក​ និង​បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

លោក​ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បាន​មានប្រសាសន៍​បែបនេះ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី៧​ (7th​ ASEAN​-US​ Summit​) ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និសីទ ​IMPACT​ Muang​ Thong​ Thani​ ប្រទេស​ថៃ​។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្តែង​ការ​អបអរសាទរ​ជូន​ លោក​ W. Patrick​ Murphy​ ក្នុង​ឱកាស​ដែល​ត្រូវ​បាន​តែងតាំង​ ជាឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ ​ជាមួយគ្នា​នេះ​លោក​រដ្ឋមន្រ្តី​ ប៉ាន​ សូរ​ស័ក្តិ​បាន​ជំរុញ​ឱ្យ​វិស័យ​ធុរកិច្ច​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ការផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ បាន​ឈាន​ដល់៣៤៣៨លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ២០១៨​ ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ មាន​ចំនួន៣​,០៥១​ លាន​ដុល្លារ​ ខណៈ​កម្ពុជា​ចូល​មកវិញ​មាន​ចំនួន៣៨៧​ លាន​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here