មន្ត្រី​ជាន់ខ្ពស់​ធនាគារពិភពលោក​អបអរសាទរ​កម្ពុជា​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​គួរ​ជា​ទី​មោទ​នៈ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ លោកស្រី​ Dina​ Umali​ Deininger​ ប្រធានប្រតិបត្តិ​គម្រោង​នៃ​ការិយាល័យ​ធនាគារពិភពលោក​ ប្រចាំ​ទីក្រុង​វ៉ា​ស៊ិន​តោន​ សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​គួរ​ជា​ទី​មោទ​នៈ​។

លោកស្រី​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នា​ព្រឹក​ថ្ងៃទី៤​ វិច្ឆិកា​នេះ​។លោកស្រី​បន្ត​ថា​ ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​គួរ​ជា​ទី​មោទន​ និង​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​ មាន​ប្រាក់ចំណូល​មធ្យម​កាលពី​ឆ្នាំ២០១៥​។

លោកស្រី​ Dina​ Umali​ Deininger​ បាន​មានប្រសាសន៍​ថា​ “កម្ពុជា​បាន​កាត់បន្ថយ​កម្រិត​ភាព​ក្រីក្រ​ ព្រមទាំង​បង្កើន​កម្រិតជីវភាព​រស់នៅ​ល្អ​ប្រសើរ​”។

​លោកស្រី​ក៏បាន​កើត​សរសើរ​ពី​ការអនុវត្ត​គម្រោង​កន្លងមក​ និង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​នា​ពេល​ខាងមុខ​ផង​ដែរ​”។ ជាមួយ​នេះ​ លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជាមួយ​ធនាគារពិភពលោក​ ដោយ​ធានា​បា​នូវ​ការអនុវត្ត​សកម្មភាព​ការងារ​របស់​គម្រោង​បែងចែក​ដី​ ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ​ទាន់ពេល​ ដែល​គម្រោង​នេះ​ គឺជា​ផ្នែក​មួយ​គាំទ្រ​នឹង​កម្មវិធី​សម្បទាន​ដី​ សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ក្នុង​ជំនួប​នេះ​ លោកស្រី​ Dina​ Umali​ Deininger​ ប្រធានប្រតិបត្តិ​គម្រោង​នៃ​ការិយាល័យ​ធនាគារពិភពលោក​ ប្រចាំ​ទីក្រុង​វា​ស៊ិន​តោន​ សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា​ ការដែល​លោកស្រី​ ដឹកនាំ​គណៈប្រតិភូ​ធនាគារពិភពលោក​ ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី​ ជា​ សុ​ផា​រ៉ា​ នា​ពេលនេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​សួរសុខទុក្ខ​ និង​ស្វែងយល់​ពី​គម្រោង​វិនិយោគ​ហិរញ្ញប្បទាន​ដោយ​ធនាគារពិភពលោក​ ដែល​កំពុង​ដំណើរការ​អនុវត្ត​ជាទូទៅ​នៅ​កម្ពុជា​ និង​ស្វែងរក​យោបល់​អនុសាសន៍​ជុំវិញ​ការ​ត្រៀម​រៀបចំ​អនុវត្ត​គម្រោង​ LASED​ III​ នា​ពេល​ខាងមុខ​។

ជា​ការ​ឆ្លើយតប​ លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន ប្រសាសន៍​ថា​ ក្រសួង​ប្តេជ្ញា​អនុវត្ត​គម្រោង​សម្បទាន​ហិរញ្ញប្បទាន​ របស់​ធនាគារពិភពលោក​ ឱ្យ​មានប្រសិទ្ធភាព​និង​បញ្ចប់​ទៅតាម​ផែនការ​គ្រោងទុក​នៅ​បំណាច់​ឆ្នាំ២០២១​។ បច្ចុប្បន្ន​ក្រសួង​កំពុង​បន្ត​កំណត់​លទ្ធភាព​ដី​ និង​កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ ជាមួយ​នេះ​ ក៏​ត្រូវ​ត្រួតពិនិត្យ​មើល​ ពី​ការចែក​ដី​ហើយ​សម្បទានិក​ មិនបាន​យក​ទៅ​ប្រើប្រាស់​ផង​ដែរ​។

​ម៉្យាងទៀត​ក្រសួង​ក៏​ត្រូវការ​ហិរញ្ញប្បទាន​ លើស​កម្ម​ភាព​អាទិភាព​មួយចំនួន​ដូចជា​ រៀបចំ​កសាង​ផែនការ​ប្រើប្រាស់​ដី​ ឃុំ​ សង្កាត់​ ស្រុក​ ខណ្ឌ​ ដោយ​បច្ចុប្បន្ន​ ធនាគារពិភពលោក​បាន​ជួយ​ ចំនួន៩០ឃុំ​ ប៉ុន្តែ​រាជរដ្ឋាភិបាល​ត្រូវការ​ជំនួយ​យ៉ាងតិច៩០០ឃុំ​ នៅ​ឆ្នាំក្រោយ​។ ផែនការ​ប្រើប្រាស់​ដី​នេះ​ នឺង​ជួយ​ពន្លឿន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ជនបទ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​ចុះបញ្ជី​ដី​រដ្ឋ​ ហិរញ្ញប្បទាន​គាំទ្រ​លំនៅឋាន​សមរម្យ​ ធន់​នឹង​អាកាសធាតុ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ ដោយ​គ្រោះ​ធម្មជាតិ​ ដូចជា​បាក់​ច្រាំង​ លិចទឹក​ ខ្យល់ព្យុះ​ជាដើម​។ ក្រសួង​បាន​រៀបចំ​មន្រ្តី​អនុវត្ត​គម្រោង​ចំនួន២៧រូប​ ដែល​សុទ្ធសឹងតែ​ជា​មន្រ្តី​សកម្ម​ និង​ជួយ​ឱ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ ។ ប្រសិនបើ​មានការ​ខ្វះខាត​បុគ្គលិក​ រឺ​សម្ភារៈ​ផ្សេងទៀត​ ក្រសួង​ត្រៀម​នឹង​គាំទ្រ​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ ក្រសួង​មាន​មោទនា​ភាព​ ដែល​បាន​ទទួលការ​គាំទ្រ​ពី​ធនាគារពិភពលោក​ទាំង​បច្ចេកទេស​ និង​ហិរញ្ញប្បទាន​ ប៉ុន្តែ​កន្លងមក​ឃើញថា​ មាន​មន្រ្តី​ធនាគារពិភពលោក​ផ្នែក​សុវត្ថិភាព​សង្គម​ ជួយ​មិនទាន់​បាន​គ្រប់គ្រាន់​ ដោយសារតែ​មាន​ពេលវេលា​មមាញឹក​ពេក​ ដូចនេះ​ការរៀបចំ​ឯកសារ​សុវត្ថិភាព​សង្គម​មានការ​យី​តយ៉ាវ​ មិនទាន់​សភាពការណ៍​វិវត្តន៍​របស់​គម្រោង​ ដែល​ត្រៀម​ទទួល​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង​ LASED​ III​ ដូចនេះ​សូម​ជួយ​ណែនាំ​មន្រ្តី​រដ្ឋាភិបាល​បន្ថែម​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​សម្រេច​បានការ​បង្កើត​ឯកសារ​គម្រោង​ LASED​ III​ ឱ្យ​បាន​ទាន់ពេល​វេលា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here