ចំណេះដឹង​! ស្វែងយល់​ពី​ការ​គិត​តម្លៃ​ពន្ធគយ​នៃ​ការនាំចូល​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ តម្លៃ​គិត​ពន្ធគយ​លើ​ទំនិញ​នាំចូល​ គឺជា​តម្លៃ​ចម្លងការ​ មានន័យថា​ជា​ថ្លៃ​ដែល​បាន​ទូទាត់​ ឬនឹង​ត្រូវ​ទូទាត់​ពិតប្រាកដ​ លើ​ទំនិញ​ដែល​បាន​លក់​សម្រាប់​នាំចេញ​មក​កម្ពុជា​។

ការប្រកាស​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​ នាំចូល​ ត្រូវ​អនុលោម​តាម​បញ្ញត្តិ​មាត្រា១៨​ ចំនុច​ “ខ” នៃ​ច្បាប់​ស្តី​ពី​គយ​និង​បញ្ញត្តិ​ប្រកាស​លេខ៣៨៧​ សហវ.គរ​ ចុះ​ថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០០៨​ របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្តី​ពី​ ការកំណត់​តម្លៃ​គិត​ ពន្ធគយ​លើ​ទំនិញ​នាំចូល​។ តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​នាំចូល​ ត្រូវ​ប្រកាស​ជា​ប្រាក់​រៀល​ (មាត្រា២៣​ នៃ​ច្បាប់​ស្តី​ពី​គយ​)។

ការ​ធ្វើ​វិមជ្ឈការ​ការងារ​តម្លៃ​គិត​ពន្ធគយ​

ការ​ធ្វើ​វិមជ្ឈការ​តម្លៃ​គិត​ពន្ធគយ​ មាន​គោលបំណង​បង្ក​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​ការនាំចេញ​ នាំចូល​តាមរយៈ​ការកាត់បន្ថយ​ពេលវេលា​ និង​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​។

គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៥​ ការងារ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​ទៅ​បណ្តា​អង្គភាព​គយ​ និង​រដ្ឋាករ​មូលដ្ឋាន​នានា​ នៅ​តាម​មាត់ច្រក​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លើកលែងតែ​សាខា​គយ​ និង​រដ្ឋាករ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​ភ្នំពេញ​។

មានន័យថា​ រាល់​ការនាំចូល​តាម​មាត់ច្រក​នានា​ ក្រៅពី​កំពង់ផែ​អន្តរជាតិ​ទាំងពីរ​ខាងលើ​ ធុរជន​អាច​ទៅ​ផ្ទៀងផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ នៅ​តាម​អង្គភាព​គយ​ និង​រដ្ឋាករ​មូល​ដ្ឋាន​តែម្តង​ លើកលែងតែ​ការនាំចូល​មុខទំនិញ​ មាន​ហានិភ័យ​ខ្ពស់​មួយចំនួន​ ដូចជា​ មុខទំនិញ​ប្រើ​រួច​ យានយន្ត​គ្រប់​ប្រភេទ​ សម្ភារ​បរិក្ខារ​ទូរគមនាគមន៍​ ផលិតផល​តេល​សិសា​ និង​បរិក្ខារ​ល្បែង​ជាដើម​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទៀងផ្ទាត់​ តម្លៃ​គិត​ពន្ធគយ​នៅ​ទីចាត់ការ​កណ្តាល​ (នាយកដ្ឋាន​ផែនការ​ បច្ចេកទេស​ និង​កិច្ចការ​អន្តរជាតិ​)។

អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​(អគរ​) បាន​និង​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​វិមជ្ឈការ​នេះ​ ឲ្យ​មាន​ភាព​គ្រប​ដណ្តប់​ពេញលេញ​ នៅ​គ្រប់​អង្គភាព​គយ​និង​រដ្ឋាករ​មូលដ្ឋាន​ទូទាំង​ប្រទេស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here