ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថា ទំនាក់ទំនងរវាងចិន និងអាស៊ាននឹងកាន់តែមានភាពជិតស្និទ្ធជាងមុន ក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន (BRI) និងផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC)។
លោកបណ្ឌិតម៉ី កល្យាណ ប្រធានវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជាបានប្រាប់សារព័ត៌មានស៊ីនហ៊ួរកាលពីពេលមកថ្មីៗនេះថា ការតភ្ជាប់ខ្សោយត្រូវបានកំណត់ថា ជាឧបសគ្គចម្បងមួយ ដែលរារាំងដល់ការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។ ប៉ុន្តែការច្របាច់ចូលគ្នារវាងផែនការមេស្តីពី ការតភ្ជាប់អាស៊ាន និងគោនយោបាយរបស់ចិន BRI ដែលមានហិរញ្ញវត្ថុ និងបច្ចេកទេសគ្រប់គ្រាន់ គឺជាកត្តាវិជ្ជមានដែលនឹងពន្លឿនការអនុវត្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រែក្លាយផែនការឱ្យក្លាយជាការពិតឆាប់ៗនេះ។
-->
លោកបន្តទៀតថា “ទាំងអស់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបញ្ចូលគ្នា នៅក្នុងតំបន់ ហើយជាលទ្ធផលវាពិតជា នឹងធ្វើឱ្យប្រជាជនកាន់តែរីកចម្រើន”។ លោកបន្ថែមទៀតថា “តួនាទីរបស់ចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍអាស៊ាន ជាពិសេសសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួចដូចជាប្រទេសកម្ពុជា”។
លោកបន្ថែមថា បន្ថែមលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញពាណិជ្ជកម្ម ការអប់រំ និងវិទ្យាសាស្ត្រក៏ដូចជាបច្ចេកវិទ្យា ក៏ជាវិស័យដែលចិនអាចចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។
លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈអាស៊ីឱ្យដឹងដែរថា ការផ្លាស់ប្តូរនេះ នឹងរួមចំណែកដល់ការតភ្ជាប់និងទំនាក់ទំនងរវាងចិន និងអាស៊ាន។ លោកបន្តថា វាចាំបាច់ណាស់ ដែលត្រូវភ្ជាប់គោលនយោបាយ BRI ជាមួយផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ខណៈគំនិតផ្តួចផ្តើមទាំងពីរនេះ គឺជាការបំពេញបន្ថែមគ្នាទៅវិញទៅមក។ ការបែងចែកធនធាននឹងកាន់តែល្អប្រសើរ ហើយផលវិជ្ជមានកាន់តែច្រើន នឹងត្រូវបានបង្កើតឡើង។
លោក Joseph Matthews សាស្រ្តាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិនៅភ្នំពេញ បានឱ្យដឹងដែរថាប្រទេសចិន គឺជាដៃគូដ៏សំខាន់សម្រាប់អាស៊ានក្នុងការថែរក្សាសន្តិភាព និងស្ថេរភាព និងជំរុញការអភិវឌ្ឍនិងវិបុលភាពនៅក្នុងតំបន់។
លោកបន្តថា “ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងវិស័យផ្សេងៗគ្នាដែលបានជួយជំរុញការអភិវឌ្ឍ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន និងការចូលរួមចំណែកកាន់តែច្រើន ក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់”។
លោកបន្ថែមថា “ការបោះជំហានទៅមុខដ៏អស្ចារ្យ ត្រូវបានធ្វើឡើងនៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន”។ លោកបន្ថែមថា“ ភាគីទាំងពីរបានរួមគ្នាលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន និងការបង្កើតវិធានសម្រាប់តំបន់។
លោក Matthews បាននិយាយថា BRI បានពន្លឿនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បានបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅក្នុងតំបន់។
លោកបន្ថែមទៀតថា“ តាមទស្សនៈរបស់ខ្ញុំ វានៅតែមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការរុករកបន្ថែមទៀតរវាងចិន អាស៊ាននៅក្នុងវិស័យអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យាវិទ្យាសាស្ត្រ វេជ្ជសាស្រ្ត និងកសិកម្ម។ ល។ទាំងនេះគឺជាវិស័យ ដែលភាគីទាំងពីរអាចធ្វើការកាន់តែជិតស្និទ្ធ និងជាយុទ្ធសាស្ត្រដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃភាគីទាំងពីរ”៕