មេដឹកនាំ​នៃ​ប្រទេស​ RCEP​ ប្តេជ្ញា​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (RCEP​) នៅ​ឆ្នាំក្រោយ​នេះ​

0

ដោយ​ វុត្ថា​

ថៃ​ឡង់​ដិ៍​៖ មេដឹកនាំ​នៃ​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់ជ្រុងជ្រោយ​ (RCEP​) បាន​ប្តេជ្ញា​ចុះ​ហត្ថេ​លេខា​លើ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ (RCEP​) នៅ​ឆ្នាំ​ ២០២០ខាងមុខនេះ​ ដើម្បី​ដោះស្រាយ​បញ្ហា​លំ​បា​កៗ​ ដូចជា​ពាណិជ្ជកម្ម​ឌីជីថល​ កំណែ​ទំរង់​បទបញ្ញត្តិ​បើក​ចំហរ​ ពាណិជ្ជកម្ម​ និង​ការ​ចល័ត​នៃ​ពលករ​ជំនាញ​ សុទ្ធសឹងតែ​ស្ថិត​ក្នុង​របៀប​វារ:ជួរមុខ​ នៃ​ពាណិជ្ជកម្ម​បែប​ទំនើប​។

ការ​ប្តេជ្ញា​ក្នុង​ការ​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ​(RCEP​) លើក​ទី៣​ ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ ព្រះរាជាណាចក្រ​ថៃ​ កាលពី​ថ្ងៃទី ៤វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ក្រោម​ការចូលរួម​ពីសំណាក់​មេដឹកនាំ​អាស៊ាន​ និង​ប្រទេស​ជា​ដៃគូ​របស់​អាស៊ាន​ផ្សេងទៀត​ រួមមាន​ចិន​ ជប៉ុន​ សា​ធា​ រណ​រដ្ឋ​កូរ៉េ​ អូស្រ្តាលី​ ញ៉ូហ្សេ​ឡេន​ ឥណ្ឌា​ និង​សហរដ្ឋអាមេរិក​ ។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ មេដឹកនាំ​នៃ​ប្រទេស​ RCEP​ បាន​សំដែង​នូវ​ការ​កោតសរសើរ​ និង​ វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋមន្រ្តី​ RCEP​ និង​ក្រុមការងារ​ ដែល​បានសម្រេច​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ មួយ​ដែល​មាន​លក្ខណ:ទំនើប​ ទូលំទូលាយ​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​ជាពិសេស​បាន​ផ្តល់​នូវ​ប្រព្រឹត្ត​កម្ម​ពិសេស​ និង​ដោយឡែក​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។

មេដឹកនាំ​ ទាំងអស់​ បាន​ចាត់ទុក​ដែរ​ថា​ ការសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ នា​ពេលនេះ​ គឺជា​ព្រឹត្តិ​ការណ៍​ ដ៏​មាន​សារ:សំខាន់​ថ្មី​មួយ​ជា​ប្រវត្តិ​សាស្រ្ត​ សម្រាប់​តំបន់​អាស៊ី​ ប៉ាស៊ី​ហ្វី​កទាំងមូល​ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ RCEP​ បាន​ប្រកាស​ឲ្យ​បើក​ការចរចា​ជា​ផ្លូវការ​ នៅ​ទីក្រុង​ភ្នំពេញ​ ក្នុង​ឆ្នាំ២០១២​ ទោះបីជា​នៅ​មាន​បញ្ហា​បច្ចេកទេស​ខ្លះ​ ដែល​ត្រូវ​បញ្ចប់​មុននឹង​ឆ្លង​នីតិវិធី​ផ្ទៃក្នុង​ សម្រាប់​ការ​ចុះហត្ថលេខា​នៅ​ប្រទេស​វៀតណាម​ នៅ​ឆ្នាំ២០២០ខាងមុខ​។

ផ្អែកលើ​ការអនុវត្ត​ នៃ​ការ​ប្តេជ្ញា​ចិត្ត​ក្រោម​កិច្ច​ព្រមព្រៀង​ ដែល​រួមបញ្ចូល​ទាំង​ឧប​សម្ព័ន្ធ​នានា​ RCEP​ នឹង​ផ្តល់​នូវ​កាលានុវត្ត​ភាព​ថ្មី​ៗ ឆ្ពោះទៅ​រក​ប្រភព​ថ្មី​នៃ​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​ និង​រឹងមាំ​ ដើម្បី​ជំរុញ​និង​ផ្តល់​សន្ទុះ​ដល់​ពាណិជ្ជកម្ម​ទំនិញ​ សេវា​ និង​ការ​វិនិយោគ​ បន្ថែម​ពីនេះ​ ការសម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ RCEP​ គឺជា​សារ​នយោបាយ​ដ៏​មុត​ស្រួច​ទៅកាន់​ ពិភពលោក​បច្ចុប្បន្ន​ បង្ហាញ​ឲ្យ​ឃើញ​អំពី​ឆន្ទ:របស់​ថ្នាក់ដឹកនាំ​ នៃ​ប្រទេស​ RCEP​ ក្នុង​ការ​គាំពារ​ សកល​ភាវូបនីយកម្ម​ ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី​ និង​សេដ្ឋកិច្ច​ពិភពលោក​ តំបន់​បើក​ចំហរ​ ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ ក្នុង​ការ​ឆ្លើយតប​នឹង​និន្នាការ​គោលនយោបាយ​គាំពារ​និយម​ និង​ ឯកតោភាគី​និយម​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ មានប្រសាសន៍​លើកឡើង​ថា​ ទោះបីជា​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ អាច​នឹង​មាន​តម្រូវការ​មានការ​ទម្រង់​ផ្នែក​ ច្បាប់​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​រដ្ឋបាល​ ជាច្រើន​ បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ​ចូលជាធរមាន​ ប៉ុន្តែ​ សម្តេច​នៅតែ​ធ្វើការ​សម្រេចចិត្ត​ដោយ​ក្តី​រីករាយ​បំផុត​ ក្នុង​ការ​ផ្តល់​អាណត្តិ​ឲ្យ​រដ្ឋមន្រ្តី​កម្ពុជា​ ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ RCEP​ នេះ​ នៅក្នុង​ឆ្នាំ២០២០ខាងមុខ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​នៃ​ប្រទេស​ RCEP​ បាន​ឈាន​ទៅ​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​របស់​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ ស្តី​ពី​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់ជ្រុងជ្រោយ​ RCEP​៕

LEAVE A REPLY

Please enter your comment!
Please enter your name here