ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ទីក្រុងហ័រលៀននៃកោះតែវ៉ាន់ និងក្រុងភ្នំពេញ ប្រទេសកម្ពុជា នឹងមានការបង្កើតជើងហោះហើរត្រង់ ក្នុងគោលបំណងជំរុញកំណើនវិស័យពាណិជ្ជកម្ម និងសេវាកម្មទេសចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរ។
បន្ទាប់ពីបានធ្វើការសិក្សា និងស្វែងយល់លម្អិតពីកាលានុវត្តន៍ភាព ជាពិសេសឱកាសវិនិយោគនៅកម្ពុជាមានភាពវិជ្ជមានច្រើន គណៈប្រតិភូវិនិយោគមកពីក្រុងហ័រលៀននៃកោះតៃវ៉ាន់ បានបង្ហាញពីចំណាប់អារម្មណ៍ និងមហិច្ឆិតា ចង់បណ្តាក់ទុនវិនិយោគជាដៃគូជាមួយកម្ពុជា ពិសេសមានបំណងបង្កើតឱ្យមានជើងហោះហើរត្រង់ ពីក្រុងហ័រលៀន កោះតៃវ៉ាន់ មកកាន់កម្ពុជាថែមទៀតផង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ប្រាប់តាមប្រព័ន្ធសារអេឡិចត្រូនិច កាលពីចុងសប្ដាហ៍កន្លងទៅនេះថា កម្ពុជា និងតៃវ៉ាន់ ធ្លាប់មានទំនាក់ទំនងជាមួយគ្នាយូរមកហើយ ហើយក៏មានធ្វើពាណិជ្ជកម្មរួមគ្នាផងដែរ ជាពិសេសលើវិស័យឧស្សាហកម្ម រោងចក្រកាត់ដេរ និងវិស័យសំណង់ជាដើម។
លោកឧកញ៉ាបានបន្តទៀតថា “កាលពីចុងសប្ដាហ៍កន្លងទៅនេះ គណៈប្រតិភូវិនិយោគមួយក្រុមដែលមានពីក្រុងហ័រលៀន បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា ដែលក្រៅពីវិស័យឧស្សាហកម្មដែលកំពុងតែមានក្រុមហ៊ុនមួយចំនួនដំណើរការរួចទៅហើយនោះ ក៏មានគម្រោងស្នើឱ្យមានការបង្កើតជើងហោះហើរត្រង់ពីទីក្រុងហ័រលៀន នៃកោះតៃវ៉ាន់មកកាន់ក្រុងភ្នំពេញ ប្រទេសកម្ពុជាផងដែរ”។
លោកឧកញ៉ាបានបន្តទៀតថា “បច្ចុប្បន្ននេះរវាងកម្ពុជា និងតៃវ៉ាន់ មានកិច្ចទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា ហើយក៏មានការហោះហើរត្រង់ជាមួយគ្នាផងដែរ ដូចជា តៃប៉ិ ជាដើម ប៉ុន្តែនៅមិនទាន់មានជើងហោះហើរត្រង់ពីទីក្រុងហ័រលៀននៅឡើយនោះទេ”។ លោកបន្ថែមថា “ដូច្នេះប្រសិនបើមានការហោះហើរត្រង់បន្ថែម វាជាវិធីសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់ទាក់ទាញការវិនិយោគ ជំរុញវិស័យពាណិជ្ជកម្ម ហើយក៏អាចបង្កើនសេវាកម្មផ្នែកទេសចរណ៍ផងដែរ”។
ការវិនិយោគរបស់តែវ៉ាន់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ក្រៅពីវិស័យឧស្សាហកម្ម ដែលរួមមានរោងចក្រកាត់ដេរ និងសហគ្រាសផលិតសម្ភារៈប្រើប្រាស់មួយចំនួន ក៏មានផ្នែកសុខាភិបាល និងវិស័យធនាគារផងដែរ ខណៈដែលនៅឆ្នាំបន្ទាប់គេរំពឹងថា នឹងមានការវិនិយោគលើវិស័យទេសចរណ៍បន្ថែមទៀត៕