ដោយៈ រ៉ាណេត
កំពតៈ រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំដោយអភិបាលនៃគណៈអភិបាលខេត្តកំពត លោកជាវ តាយ បានធ្វើការចុះត្រួតពិនិត្យផ្លូវវាងក្រុង ដែលកំពុងតែសាងសង់ និងពន្លឿនឱ្យចប់រួចរាល់មុន ការប្រារព្វពិធីបុណ្យសមុទ្រចូលមកដល់នៅចុងឆ្នាំនេះ។
ផ្លូវវាងក្រុង ដែលកំពុងតែសម្រុកសាងសង់នៅពេលបច្ចុប្បន្ននេះ ស្ថិតនៅសង្កាត់កំពង់បាយ តាមបណ្តោយផ្លូវរថភ្លើង ក្នុងក្រុងកំពត មានបណ្តាយប្រវែង១៣៨០ម៉ែត្រ និងទទឹង១៥ម៉ែត្រ ដែលជាថវិកាចំណាយរបស់រដ្ឋបាលខេត្ត ត្រូវបានកំណត់ឱ្យរួចរាល់នៅមុនពិធីបុណ្យសមុទ្រចាប់ផ្តើម ពិសេសដើម្បីសម្រួលចរាចរណ៍ ជូនភ្ញៀវទេសចរដែលមកកម្សាន្ត។
-->
នៅក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវវាងក្រុង កាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ បានស្នើឱ្យប្រធានអង្គភាពអគ្គិសនីខេត្ត ដោះស្រាយទម្លាក់ខ្សែភ្លើង ដែលនៅទទឹងផ្លូវទម្លាក់ចុះមកក្រោម និងស្នើឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជួយសហការពិនិត្យលើបច្ចេកទេស និងប្រព័ន្ធបង្ហូរទឹកឱ្យបានរួចរាល់។
ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាទីតាំង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ក្រោមអធិបតីភាព សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ពិធីបុណ្យសមុទ្រលើកទី៨នេះ នឹងរៀបចំឡើងក្នុងរយ:ពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០-២១ និង ២២ ខែធ្នូ ឆ្នាំ២០១៩។ អ្វីកាន់តែពិសេសជាងនេះទៅទៀត សម្រាប់បុណ្យសមុទ្រឆ្នាំនេះ នៅក្នុងខេត្តកំពត នឹងយកធ្វើជាខេត្តគំរូ ក្នុងការរៀបចំឱ្យមានវិថីម្ហូបអាហារ ឬហៅថា Street Food ឱ្យបានលេចធ្លោជាងបណ្តាខេត្តនានា ដែលធ្លាប់ប្រារព្វកាលពីពេលមុនៗ៕