ដោយ Donald Lee
ភ្នំពេញៈ អ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនកំពុងខិតខំយ៉ាងខ្លាំង ដើម្បីដកពន្ធគយទាំងសងខាង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ដែលបានចុះហត្ថលេខានៅចុងខែ វិច្ឆិកា។
មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់អាមេរិកបានប្រាប់កាសែត Reuters ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងសំឡឹងមើលការលុបចោលពន្ធគយ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែ ធ្នូ លើទំនិញចិនដែលមានតម្លៃ១៥៦ពាន់លានដុល្លារ ដែលរួមមានទូរស័ព្ទចល័ត និងកុំព្យូទ័រយួរដៃ។
ជាថ្នូរវិញ ចិននឹងចរចានាំចូលទំនិញកសិកម្មអាមេរិក ជាពិសេសសណ្តែកសៀងដែលលោក Trump បាននិយាយថា អាចមានតម្លៃរហូតដល់ ៥០ពាន់លានដុល្លារ។
លោក Trump បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា ៦០ភាគរយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចុងក្រោយរវាងអាមេរិក និងចិនបានបញ្ចប់ ហើយត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការចុះកិច្ចព្រមព្រៀងជាមួយគ្នា។
របាយការណ៍នេះធ្វើឡើង ខណៈមេដឹកនាំចិនលោកស៊ី ជិនពីងបានធ្វើសុន្ទរកថាមួយដោយទទូចដល់មេដឹកនាំពិភពលោក ឱ្យធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដែលផ្តោតលើពាណិជ្ជកម្មសេរីរីកចម្រើន នៅឯពិព័រណ៍នាំចូលអន្តរជាតិចិននៅទីក្រុងសៀងហៃកាលពីថ្ងៃអង្គារ។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃ អង្គារ លោកស៊ី បានមានប្រសាសន៍ថា “នៅពេលតម្លៃពិភពលោក និងបណ្តាញផ្គត់ផ្គង់បន្តអភិវឌ្ឍន៍ បណ្តាប្រទេសនានាមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពួកគេ គឺជាកិច្ចការដែលត្រូវធ្វើ”។
លោកបានបន្ថែមថា “បញ្ហាទាំងអស់អាចត្រូវបានដោះស្រាយ ក្នុងស្មារតីសមភាព ការយោគយល់គ្នា និងការរួមគ្នា។ យើងត្រូវជំរុញការអភិវឌ្ឍ តាមរយៈការបើកចំហរ និងធ្វើឱ្យស៊ីជម្រៅការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងចំណោមពួកយើង”។ លោកបន្តថា “យើងត្រូវ “រួមដៃគ្នា” ជំនួសឱ្យការបណ្តោយឱ្យដៃរបស់គ្នាទៅវិញទៅមក។ យើងត្រូវ “បំផ្លាញជញ្ជាំង” មិនមែន ដាក់ជញ្ជាំង”។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកកាលពីខែមុន ដែលបានបង្កើនកំណើនផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកនៅឆ្នាំ២០២០ ដល់៣,៤ ភាគរយ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មពិភពលោកកំពុងបន្ត។
របាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ IMF បានបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែភាពមិនច្បាស់លាស់ ដែលវាបានបង្កើតឡើងនៅក្នុងទីផ្សារពិភពលោក៕






