ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលប្រទេសណូវែលហ្សឺឡង់ បានបង្ហាញពីកិច្ចគាំទ្រក្នុងការសិក្សា និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ពីគុណភាព សុវត្ថិភាពនៃកសិផលកម្ពុជា ដើម្បីជួយជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅលើទូទាំងសាកលលោក។

-->
នៅទីស្តីការក្រសួងកសិកម្ម កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ គណៈប្រតិភូមកពីក្រសួងឧស្សាហកម្មបឋម នៃប្រទេសណូវែលហ្សឺឡង់ ដឹកនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចជំនួបខាងលើនេះ ថ្នាក់ដឹកនាំតំណាងរដ្ឋាភិបាលប្រទេសទាំង២ ក៏បានពិភាក្សាលើការពិនិត្យលទ្ធភាព នៃកិច្ចកសាងសហប្រតិបត្តិការកម្ពុជា-ណូវែលហ្សឺឡង់លើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យ (E-Certification on Sanitary and Phyto-Sanitary, SPS)។
លោកស្រី Jenny Reid បានមានប្រសាសន៍ថា ចំពោះកិច្ចការនេះភាគីខាង ណូវែលហ្សឺឡង់ រីករាយនឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស បទពិសោធន៍ មន្ត្រីជំនាញ និងការងារបណ្តុះបណ្តាលដល់ភាគីកម្ពុជា ហើយលោកស្រីសង្ឃឹមថាកម្ពុជា នឹងអាចអនុវត្តប្រព័ន្ធនេះបាននាពេលអនាគតដ៏ខ្លី ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងឆន្ទៈសហការដែលបានផ្តល់ពីមន្ត្រីជំនាញក្រសួង ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដូចការរំពឹងទុក។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលណូវែលហ្សឺឡង់ ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន តាមរយ:គម្រោងអភិវឌ្ឍលើវិស័យកសិកម្ម ការផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីជំនាញកសិកម្មកម្ពុជា ឱ្យបន្តការសិក្សានៅប្រទេសណូវែលហ្សឺឡង់។
ការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យមានសារសំខាន់ខ្លាំងណាស់សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ស្របនឹងគោលនយោបាយរបស់ក្រសួង ដែលបាន និងកំពុងខិតខំបង្កើនសមត្ថភាព ក្នុងការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាពទូលំទូលាយ ទាន់ពេលវេលា និងបរិយាកាសល្អប្រសើរសម្រាប់វិនិយោគិនស្នើសុំវិញ្ញាបនបត្រ SPS ដើម្បីនាំចេញកសិផល។

តាមរយ:បទពិសោធន៍ដែលណូវែលហ្សឺឡង់មាន អ្នកជំនាញមកពីប្រទេសនេះនឹងចូលរួមបណ្តុះបណ្តាលបន្ថែមនៅកម្ពុជា លើកិច្ចសហប្រតិបត្តិការលើការផ្តល់វិញ្ញាបនបត្រអេឡិចត្រូនិចអនាម័យ និងភូតគាមអនាម័យនឹងដំណើរការទៅដោយរលូន ហើយក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធ នឹងរង់ចាំផ្តល់កិច្ចសហការពេញលេញ ដើម្បីឱ្យកិច្ចការនេះសម្រេចទទួលបានជោគជ័យតាមការគ្រោងទុក៕