កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ដំណើរ២៣​ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន​ ៤៨២នៅ​ទូទាំង​ប្រទេស​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​ដំណើរការ​ចំនួន២៣​ ដែល​មាន​គម្រោង​វិនិយោគ​ចំនួន៤៨២​ ដែល​ផ្តល់​ការងារ​ដល់​កម្មករ​កម្មការនី​ចំនួន​ជាង១៣ម៉ឺន​នាក់​ និង​ចូលរួម​ចំណែក​ដល់​ប្រមាណ១៤​% នៃ​ការនាំចេញ​សរុប​។

លោក​សុខ​ ចិន្តា​សោភា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ អគ្គលេខាធិការ​ក្រុម​ប្រឹ​ក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុង​ជំនួប​ជាមួយ​ លោក​ Eva​ Nguyen​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ ខណៈ​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃទី៦​ ខែវិច្ឆិកា​នេះ​បានឱ្យ​ដឹង​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​គម្រោង​វិនិយោគ​ចំនួន១៨១គម្រោង​ ដែល​ផ្តល់​ការងារ​ដល់​កម្មករ​ កម្មការនី​ ចំនួន​ជាង២ម៉ឺន៥ពាន់​នាក់​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​ ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ដោយ​ផ្ទាល់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​បច្ចុប្បន្ន​នេះ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ បាន​និង​កំពុង​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង​”។

លោក​ Eva​ Nguyen​ BINH​ ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ដែល​មានការ​រៀបចំ​បាន​ល្អ​ប្រសើរ​ និង​បាន​ចូលរួម​ចំណែក​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ខណៈ​លោកស្រី​បាន​ទស្សនា​រោងចក្រ​ចំនួន៣​ គឺ​រោងចក្រ​ផលិត​ធុងទឹក​រថយន្ត​ រោងចក្រ​ផលិត​ក្តារ​បន្ទះ​ និង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ជិះសេះ​។

លោកស្រី​សន្យា​ថា​ នឹង​ជំរុញ​អ្នក​វិនិយោគ​បារាំង​ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​ មក​បណ្តាក់​ទុន​នៅ​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​។

រដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ នៅ​តាម​នៅ​រាជធានី​ ខេត្ត​ ដែល​មាន​សក្តា​ដានុ​ពល​សេដ្ឋកិច្ច​ និង​ការ​ដឹកជញ្ជូន​ ក្នុង​គោលបំណង​ក្នុង​ការ​លើក​លើកទឹកចិត្ត​ពន្ធ​ និង​អាករ​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​។

បន្ថែម​ពីនេះ​រដ្ឋាភិបាល​ ក៏​មានការ​លើកទឹកចិត្ត​លើ​ការនាំចូល​ សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារ​សាងសង់​ ធាតុ​ចូល​ផលិតកម្ម​ ត្រូវ​សម្រេច​ផ្តល់​ជូន​ដល់​អ្នក​វិនិយោគ​ក្នុង​តំបន់​តាម​សំណូមពរ​ និង​គោលការណ៍​នៃ​ច្បាប់​ដោយសា​មី​អ្នក​វិនិយោគ​ ក្នុង​តំបន់​នោះ​ត្រូវ​រៀបចំ​បញ្ជី​សម្ភារ​បរិក្ខារ​ផលិតកម្ម​ សម្ភារៈ​សាងសង់​ ធាតុ​ចូល​ផលិតកម្ម​ដែល​ត្រូវ​នាំចូល​ ទាំងនោះ​ ដាក់​ជូន​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​ពិនិត្យ​ ដែល​នឹង​ត្រូវ​ផ្តល់​ជូន​នៅនឹង​កន្លែង​ ហើយ​រដ្ឋបាល​ តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រាន់តែ​រាយការណ៍​ជូន​មក​ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ និង​ស្ថាប័ន​គ្រប់គ្រង​ ដើម្បី​ជ្រាប​ជា​ព័ត៌មាន​ប៉ុណ្ណោះ​។

សិទ្ធិ​ដែល​ត្រូវ​បាន​ទទួលការ​លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ នឹង​សម្រេច​ជូន​អ្នក​វិនិយោគ​ក្នុង​តំបន់​ នៅក្នុង​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ​ ដែល​នឹង​ត្រូវ​ចេញ​ជូន​អ្នក​វិនិយោគ​ក្នុង​តំបន់​ ស្របតាម​ច្បាប់​ និង​អនុក្រឹត្យ​ស្តី​ពី​ ការអនុវត្ត​ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាធរមាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here