ដោយ : Donald Lee
ភ្នំពេញៈ ធនាគារថៃបានទម្លាក់អត្រាការប្រាក់ ជាលើកទី២នៅឆ្នាំនេះ ដើម្បីទប់ស្កាត់កំណើនប្រាក់បាត និងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ មកនៅត្រឹម១,២៥ភាគរយ ដែលជាអត្រាមួយ ដែលមិនធ្លាប់មានចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨។
នៅក្នុងរបាយការណ៍ស្តីពី ការកាត់បន្ថយអត្រាការប្រាក់ ធនាគារINGបានឱ្យដឹងថា “មិនមានការភ្ញាក់ផ្អើលអ្វីទេនៅទីនេះ ព្រោះការផ្លាស់ប្តូរនេះស្របទៅនឹងទស្សនៈរួម និងការព្យាករណ៍របស់យើង ដោយពឹងផ្អែកលើការបន្តធ្លាក់ចុះនៃកំណើន ក៏ដូចជា អត្រាអតិផរណានៅឆ្នាំនេះ”។
រូបិយប័ណ្ណថៃ ស្ថិតក្នុងចំណោមរូបិយប័ណ្ណខ្លាំងបំផុត នៅលើពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ប្រាក់បាតឡើងថ្លៃជាង៥ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆមាសទីមួយឆ្នាំនេះ។ តាមពិតប្រាក់បាតឡើងថ្លៃជាងរូបិយប័ណ្ណផ្សេងៗទៀត នៅអាស៊ី។
ប្រាក់បាតឡើងដល់កម្រិតខ្ពស់រយៈពេល៦ឆ្នាំកន្លងមក ដោយនៅឆ្នាំនេះបានកើនដល់៣១,៣១ ធៀបនឹងប្រាក់១ដុល្លារអាមេរិកនៅពេលនេះ។
ភាពខ្លាំងប្រាក់បាតកំពុងរារាំងដល់អ្នកទេសចរ ដែលមានចំណូលតិចមួយចំនួននៅឆ្ងាយពីថៃ ដោយសារកំលាំងចំណាយរបស់ពួកគេ មានការថយចុះទាក់ទងនឹងការពង្រឹងរូបិយប័ណ្ណថៃ។
វិស័យទេសចរណ៍គឺជាសមាសធាតុដ៏សំខាន់មួយ នៃសេដ្ឋកិច្ចថៃដែលមានចំនួនស្មើនឹង១ ភាគ៥នៃ GDP របស់ប្រទេសនេះ៕






