ដោយវុត្ថា
ភ្នំពេញៈ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ធនាគារអាស៊ានលើកទី២២ និងកិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ាន លើកទី៤៩នៅថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះក្រោមប្រធានបទ “ការតភ្ជាប់នៃសមាគមអាស៊ានត្រឹមឆ្នាំ២០២៥ ស្តីពី ពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យា សម្រាប់វិស័យធនាគារអាស៊ានតែមួយ”។

ប្រធានសមាគមធនាគារនៅកម្ពុជា លោក អ៊ិន ចាន់នីបានប្រាប់សារព័ត៌មាននៅក្នុងស្រុកនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះថា សន្និសីទប្រចាំតំបន់នេះ ត្រូវធ្វើឡើងប្តូរវេនគ្នាជាមួយសមាជិកអាស៊ានជារៀងរាល់២ឆ្នាំម្តង ដែលនឹងរំពឹងថាមានប្រតិភូច្រើនជាង៥០០នាក់ មកពីទូទាំងតំបន់ចូលរួមនៅក្នុងសន្និសីទ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
លោកបន្តថា “នេះគឺជាកត្តិយសដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏សំខាន់មួយនេះ ដែលនឹងនាំយកសមាជិកសំខាន់ៗក្នុងវិស័យធនាគារអាស៊ាន ដើម្បីធ្វើការពិភាក្សាគ្នាជាផ្លូវការសម្រាប់រយៈពេល៣ថ្ងៃ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យធនាគារមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាលើកដំបូង ដែលជួយឲ្យរាល់សេវាហិរញ្ញវត្ថុផ្លូវការទាំងអស់ ស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេល និងគ្រប់ទីកន្លែង។

លោក អ៊ិន ចាន់នី បានបញ្ជាក់ទៀថា ដោយមានការគាំទ្រ និងការសហការពីណាក់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា បានផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនបរិយាប័ន្ន ក្នុងវិស័យហិរញ្ញវត្ថុផ្លូវការផង និងជួយលើកកម្ពស់ការប្រើប្រាស់រូបបិយបណ្ណ របស់ប្រទេសយើងគឺប្រាក់រៀលខ្មែរ សម្រាប់រាល់ការធ្វើអាជីវកម្មធំ និងតូចទាំងអស់ជាសារព័ន្ឋ។
លោក អ៊ិន ចាន់នី បានសម្តែងសុទិដ្ឋិនិយមថា សមាជិកដែលមកពីទូទាំងសហគមន៍អាស៊ាន នឹងចែករំលែកបទពិសោធន៍ជាច្រើន ដែលត្រូវសិក្សាអំពីវិធីសាស្ត្រដែលធនាគារកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការរីកចម្រើនផ្សេងៗ ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួនដែលកំពុងកើនឡើងឥតឈប់ឈរ និងដើម្បីធ្វើឲ្យប្រសិទ្ធភាព តម្លាភាព និងអត្ថប្រយោជន៍នៃការប្រតិបត្តិការណ៍របស់ពួកគេ កាន់តែល្អប្រសើរជាងមុន។
សន្និសីទនេះ នឹងមានចូលរួមពីបណ្តាធនាគារជាច្រើន នៅក្នុងប្រទេសកម្ពុជា និង លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា ដែលជាគណៈអធិបតី និងវាគ្មិនសំខាន់ៗដូចជា លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ព្រមទាំងការចូលរួមពី អ្នកឯកទេសជំនាញផ្សេងៗគ្នា ព្រមទាំងវាគ្មិនកត្តិយសមកពីទូទាំងតំបន់ ដើម្បីធ្វើបទបង្ហាញទៅកាន់ប្រតិភូ លើប្រធានបទដែលមានសារៈសំខាន់ជុំវិញការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងសេវាហិរញ្ញវត្ថុ ដែលអញ្ជើញមកពី សមាគមធនាគារិកអាស៊ាន ធនាការកណ្តាលនៃប្រទេសសិង្ហបុរី សហព័ន្ឋធនាគារហ្វីលីពីន (Union Bank of Philippines) សមាគមធនាគានៃប្រទេសថៃ ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ (IFC) ព្រមទាំងវាគ្មិនកិត្តិយសជាច្រើននាក់ទៀតផងដែរ។
សន្និសីទនេះ ក៏បានរៀបចំនូវការពិព័រណ៍ស្តីពីធនាគារ ដែលហៅថា «Banking Expo» ខណៈដែលក្រុមហ៊ុននានា ដែលធ្វើការក្នុងវិស័យធនាគារ នឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេ ជូនទៅកាន់អ្នកដែលចូលរួមទាំងអស់៕






