ដោយៈ រ៉ាណេត
កំពតៈ តបទៅនឹងតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនី ដែលកំពុងតែមានភាពខ្វះខាត់នៅឡើយនោះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពលខ្យល់ មកពីប្រទេសបារាំងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

-->
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីដ៏ធំមួយ មកពីប្រទេសបារាំងមានឈ្មោះ Blue Circle ដែលមានជំនាញក្នុងការផលិតអគ្គិសនីដើរដោយថាមពលខ្យល់ បានចាប់អារម្មណ៍ និងសិក្សាពីលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា ដោយជាជម្រើសដំបូងអាចដាក់ទីតាំងនៅតំបន់ភ្នំបូកគោ ខេត្តកំពត បន្ទាប់ពីបានធ្វើការសិក្សាពីទីតាំងរួចម្ដងហើយ កាលពីដើមឆ្នាំ។
អគ្គនាយកថាមពល ក្រសួងរ៉ែនិងថាមពល លោក វ៉ិចទ័រ ហ្សូណា បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងមកថា ក្នុងគម្រោងរបស់ក្រុមហ៊ុនអាចមានលទ្ធភាព ក្នុងការផលិតរហូតដល់ប្រមាណ៨០មេហ្គាវ៉ាត នៅក្នុងជំហានដំបូង។
លោកបានបន្តទៀតថា “ Blue Circle ជាក្រុមហ៊ុនដ៏ធំមកពីប្រទេសបារាំង ហើយក្រសួងបានចេញលិខិតអនុញ្ញាតឱ្យគាត់ ធ្វើការសិក្សានៅក្នុងខេត្តកំពត គឺនៅបូកគោ ហើយនិងខេត្តមណ្ឌលគីរី ប៉ុន្តែផ្អែកតាមភាពជាក់ស្ដែង នៅតំបន់បូកគោមានសក្តានុពលល្អជាង ហើយខាងក្រុមហ៊ុន អាចនឹងធ្វើការវិនិយោគនៅតំបន់នេះ ដែលអនុគ្រោះដល់ខេត្តកំពតក្នុងការប្រើប្រាស់”។
ការចរចាតម្លៃលក់ថាមពលកកើតឡើងវិញ ដើរដោយថាមពលខ្យល់ជាមួយក្រុមហ៊ុន គឺគ្រោងនឹងធ្វើក្នុងពេលខាងមុខឆាប់ៗនេះ ខណៈដែលការវិនិយោគគ្រោងចំណាយប្រមាន ២-៣លានដុល្លារក្នុងមួយមេហ្គាវ៉ាត់។
បើទោះជាការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ដែលទើបតែមានជាលើកដំបូងនៅកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែការចរចាពាក់ព័ន្ធទៅនឹងបញ្ហាតម្លៃជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថាមពល វាគឺជារឿងចាំបាច់ ដោយសារអគ្គិសនីកម្ពុជាចង់បានប្រភពថាមពលដែលមានតម្លៃទាប ដើម្បីលក់ចេញឱ្យអ្នកប្រើប្រាស់ក្នុងតម្លៃថោក ឱ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញកាលពីពេលកន្លងទៅ៕