ដោយ ៖ ម៉ាណេត
ភ្នំពេញៈ កម្ពុជាស្ថិតក្នុងបណ្តាប្រទេសអាស៊ានចំនួន៤ ទទួលបានលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានកម្រិតខ្ពស់ជាងគេ។ នេះតាមរបាយការណ៍អាស៊ានថ្មីមួយសិក្សាដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
លំហូរវិនិយោគផ្ទាល់ពីបរទេស ក៏មានការកើនឡើងផងដែរ ក្នុងប្រទេសអាស៊ានចំនួន៦ទៀត ប៉ុន្តែកម្ពុជា ឥណ្ឌូនេស៊ី សឹង្ហបូរី និងវៀតណាមមានកំណើនខ្លាំងគួរឱ្យកត់សម្គាល់។
លំហូរវិនិយោគផ្ទាល់ពីបរទេសចូលអាស៊ាន បានកើនឡើងក្នុងរយៈពេល៣ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០១៨ ដែលឈានដល់កម្រិតខ្ពស់គ្រប់ពេល ដោយកើនដល់១៥៥ពាន់លានដុល្លារអាមេរិក។ អាស៊ានបានចូលរួមចំណែក នៃលំហូរវិនិយោគផ្ទាល់ពីបរទេសលើពិភពលោកកើនឡើងដល់១១.៥ ភាគរយក្នុងឆ្នាំ២០១៨ ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តឆ្ពោះទៅមុខទៀត។
ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានកើនដល់៣ពាន់លានដុល្លារ កើនឡើង ១៥ភាគរយ ដែលភាគច្រើនបានមកពីការវិនិយោគ ពីវិស័យសេវាកម្មដែលមានចំនួន ៧៩ភាគរយ នៃលំហូរចូលការវិនិយោគផ្ទាល់ពីបរទេសទាំងអស់។
របាយការណ៍បានបញ្ចាក់ថា “វិស័យសេវាកម្មមានចំនួន៧៩ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់នៅកម្ពុជា ខណៈវិស័យផលិតកម្មមានចំនួន១២ភាគរយ”។
វិនិយោគិនកំពូលៗនៅកម្ពុជា សុទ្ធសឹងតែមានប្រភពមកពីបណ្តាប្រទេសអាស៊ី ដូចជាចិន អាស៊ាន ហុងកុង កូរ៉េខាងត្បូង និងជប៉ុន។
របាយការណ៍បានបញ្ជាក់ថា វិស័យសេវាកម្ម ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសត្រូវបានជំរុញដោយវិស័យធនាគារ និងធានារ៉ាប់រង។ នៅក្នុងវិស័យធនាគារ ធនាគារពាណិជ្ជកម្មបរទេសមួយចំនួន បានពង្រីកប្រតិបត្តិការរបស់ខ្លួន។
ធនាគារABA (កាណាដា)បានបើកសាខាថ្មីនៅកម្ពុជា ហើយគ្រោងនឹងបើកបន្ថែមទៀតនៅឆ្នាំ ២០១៩។ ធនាគារស៊ីនហាន (សាធារណរដ្ឋកូរ៉េ) បានពង្រីកប្រតិបត្តិការធនាគារសហករណ៍តៃវ៉ាន់ (ខេត្តតៃវ៉ាន់នៃប្រទេសចិន) និងធនាគារឧស្សាហកម្មកូរ៉េ (សាធារណរដ្ឋកូរ៉េ) ដែលបានបើកដំណើរការ ការិយាល័យតំណាងនិងមានផែនការបើកសាខានៅឆ្នាំ ២០២០។
វិស័យធានារ៉ាប់រង ដែលទើបតែចាប់ផ្តើមនៅកម្ពុជា ក៏ទទួលបានការជំរុញការវិនិយោគក្នុងឆ្នាំ២០១៨ផងដែរ។
របាយការបានបន្ថែមថា “ឧទាហរណ៍ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife (កាណាដា) បានពង្រីកធនាគារ South Pacific (ប៉ាពួញូហ្គីណេ)បានបំពេញការបណ្តាក់ទុនរួមគ្នាជាមួយដៃគូក្នុងស្រុក ហើយក្រុមហ៊ុនDai-ichi Life Holdings (ប្រទេសជប៉ុន) បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលជាកម្មសិទ្ធិទាំងស្រុង ដោយមានគម្រោងវិនិយោគចំនួន៣៧,៧លានដុល្លារ ក្នុងការពង្រីកបន្ថែមទៀតនៅក្នុងប្រទេស។
ក្រុមហ៊ុនដឹកជញ្ជូនបរទេសឥឡូវនេះ កំពុងប្រកួតប្រជែងគ្នាសម្រាប់ទីផ្សារវិនិយោគនៅកម្ពុជា។ របាយការណ៍បានបន្តថា “កំណើនសកម្មភាពពាណិជ្ជកម្មអន្តរជាតិនៅក្នុងប្រទេសនេះបានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូន និងភ័ស្តុភារកាន់តែច្រើនវិនិយោគ និងពង្រីកនៅកម្ពុជា។
នៅឆ្នាំ ២០១៩ ក្រុមហ៊ុនសាជីវកម្ម Evergreen Marine Corporation (តៃវ៉ាន់) បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដឹកទំនិញ Nippon Express (ជប៉ុន) បានចាប់ផ្តើមសាងសង់ក្រុមហ៊ុនឃ្លាំង និងក្រុមហ៊ុនវេចខ្ចប់ Oji group (ជប៉ុន) បានពង្រីកបន្ថែមទៀត”៕






