ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាឱ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យតម្លើងរោងចក្រម៉ាស៊ីន៤០០មេហ្គាវ៉ាត់នៅទីក្រុងភ្នំពេញឱ្យបានលឿន ខណៈការផ្តត់ផ្គង់ភ្លើងអគ្គិសនីនៅនាដូវប្រាំងឆ្នាំនេះ អាចនឹងត្រូវខ្វះខាត។
សម្តេច តេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានឱ្យលោក ស៊ុយ សែម បង្កើនការងារទាំងយប់ទាំងថ្ងៃ ដើម្បីតម្លើងរោងចក្រ៤០០មេហ្គាវ៉ាត់ដែលបញ្ជាទិញពីអាល្លឺម៉ង់ និងហ្វាំងឡង់បានឱ្យទាន់ពេលវេលា។
សម្តេចថា “កុំធ្វើការតែថ្ងៃ យើងត្រូវធ្វើទាំងយប់ ដោយដាក់វេនគ្នា បង្កើនចំនួនកម្មករ ដើម្បីចូលធ្វើនៅកន្លែងហ្នឹង ព្រោះថាការកាត់ភ្លើងនៅទីក្រុងមានការលំបាកណាស់”។
សម្តេច តេជោ ហ៊ុន សែន បញ្ជាក់ទៀតថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គិសនីពីប្រទេសហ្វាង់ឡង់ចំនួន២០០មេហ្គាវ៉ាត់ និងអាល្លឺម៉ងចំនួន២០០មេហ្គាវ៉ាត់ ដាក់នៅល្វាឯម ដើម្បរុញភ្លើងនេះចូលទីក្រុងភ្នំពេញដើម្បីផ្គត់ផ្គត់ បើខ្វះ១០មេហ្គាវ៉ាត់ បញ្ចេញ១០មេហ្គាវ៉ាត់ បើខ្វះ២០មេហ្គាវ៉ាត បញ្ចេញ២០មេហ្គាវ៉ាត់។ បើខ្វះ១០០មេហ្គាវ៉ាត់ បញ្ចេញ ១០០មេហ្គាវ៉ាត់ ដើម្បីកុំឱ្យទីក្រុងភ្នំពញខ្វះថាមពល។
សម្តេច តេជោ បន្ថែមថា “អ្វីដែលមានការព្រួយបារម្ភនោះគឺថា វារីអគ្គិសនីរបស់យើងបាននិងកំពុងខ្វះខាតទឹកទៀតហើយ តាមតួលេខដែលលោក ស៊ុយ សែម បញ្ជូនមកខ្ញុំជារៀងរាល់ឆ្នាំ” ។ សម្តេចបន្តថា “ឥឡូវនេះ គឺនៅពេលមិ្សមិញនេះ ការផលិតអគ្គិសនីរបស់យើង ដែលមានកម្លាំង ១៨០០ មេហ្គាវ៉ាត់ យើងបានតែ ១៨៤ ទៅ ៦៨៧ មេហ្គាវ៉ាត់ប៉ុណ្ណោះ។
សម្តេច តេជោ បញ្ជាក់ថា “ស្ថានភាពនេះមិនទាន់ដល់ខែប្រាំផង ប៉ុន្តែត្រូវបានធ្លាក់ចុះហើយ។ ចឹងទេអគ្គិសនីរបស់យើង នឹងមានបញ្ហាទៀត ពិតហើយយើងបានបន្ថែមថាមពលមួយចំនួន ជារោងចក្រដើរដោយឃ្យូងថ្ម រោងចក្រដើរដោយពន្លឺព្រះអាទិត្យ និងការនាំចូលពីប្រទេសឡាវជាដើម”។
ជាមួយគ្នានេះ សម្តេច តេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ រោងចក្រ សហគ្រាសដែលមានម៉ាស៊ីនខ្លួនឯង នៅពេលដែលមានការចំាបាច់ និងមានការកាត់ភ្លើងដោយប្រការណាមួយនោះ ត្រូវប្រើប្រាស់ម៉ាស៊ីនខ្លួនឯងបណ្តោះអាសន្ន៕






