មន្ត្រីជាន់ខ្ពស់ជប៉ុនអះអាងថានឹងបន្តសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុនលោក SUZUKI Hideo បានអះអាងថា ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យជាមួយប្រទេសកម្ពុជា។

លោកឧបការីរដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃម្សិលម៉ិញនេះថា ជប៉ុននឹងបន្តពង្រីកព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឱ្យយកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងក្តីសោមនស្ស និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក SUZUKI Hideo ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅកម្ពុជា ។ លោកអគ្គបណ្ឌិតសភាចារ្យ បានអរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដោយលោកបានបញ្ជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុនបានរួមចំណែ​កយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្ដថា ជាក់ស្តែងសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកម្ពុជាសម្រេចបាន មានការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្មទាំងធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន។

លោក SUZUKI Hideo ក៏បានសម្តែងក្តីរីករាយដែលបានមកបំពេញកិច្ចការនៅកម្ពុជា និងសម្តែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍន៍ជាច្រើន ក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំដែលបានធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសដែលធ្លាប់មានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

លោក SUZUKI Hideo បានបញ្ជាក់ថា ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យ ជាមួយប្រទេសកម្ពុជា និងបន្តពង្រីក ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិ​ច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេ​កទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជាសរុបប្រមាណជាង ៥០០០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានជំនួយឥតសំ​ណងប្រមាណជាង៣,៥០០លានដុល្លារ និងជំនួយហិរញ្ញប្បទានសម្បទានចំនួន ១៥០០លានដុល្លារ។ តួលេខនេះមិនរាប់បញ្ចូល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានាដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here