វិភាគ ៖ គ្មានឥណ្ឌា តើមានអ្វីកើតឡើងចំពោះភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ?

0

ដោយ ៖ ប៊ី
ភ្នំពេញ៖ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន ១៦ ប្រទេសនឹងធ្វើឲ្យបណ្តាប្រទេសទាំងនេះក្លាយជាប្លុកពាណិជ្ជកម្មមួយដ៏ធំបំផុតលើពិភពលោក ប៉ុន្តែកាលពីពេលថ្មីនេះ៖ ឥណ្ឌាបានដកខ្លួនចេញពីការចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នេះ។

ឥណ្ឌាបានលើកឡើងថា ខ្លួនមានបញ្ហាជាច្រើនគួរឱ្យកត់សម្គាល់ដែលនៅតែមិនទាន់ដោះស្រាយ។ ប្រទេសដែលចូលរួមក្នុង RCEP ទាំងអស់នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះតាមរបៀបដែលអាចទៅរួច។ ការសម្រេចចិត្តចុងក្រោយរបស់ឥណ្ឌានឹងពឹងផ្អែកទៅលើដំណោះស្រាយដែលពេញចិត្តនៃបញ្ហាទាំងនេះ។
លោក Yoshihide Suga លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រី បានថ្លែងនៅទីក្រុងតូក្យូកាលពីថ្ងៃ អង្គារ ថា ជប៉ុននឹងអំពាវនាវដល់ឥណ្ឌាពិចារណាឡើងវិញនូវផែនការរបស់ខ្លួនដែលមិនចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់បណ្តាប្រទេសអាស៊ី និងអូសេអានីនេះ។ នេះបើយោងតាមសារព័ត៌មាន Japanese Times
លោក Suga បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជប៉ុនសង្ឃឹមថានឹងបន្តដើរតួនាទីឈានមុខឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP របស់ប្រទេសចំនួន ១៦ រួមមានប្រទេសឥណ្ឌា”។

ឥណ្ឌាបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួនបានដកខ្លួនចេញពី RCEP ដែលគាំទ្រដោយចិន ដោយលើកឡើងពីផលប៉ះពាល់សក្តានុពលនៃកិច្ចព្រមព្រៀងលើជីវភាពរស់នៅរបស់ពលរដ្ឋខ្លួនដែលងាយរងគ្រោះបំផុត។ ចិនបានឱ្យដឹងថា ប្រទេសចំនួន ១៥ ដែលនៅសេសសល់សម្រេចចិត្តឈានទៅមុខជាមុន ហើយឥណ្ឌាត្រូវបានស្វាគមន៍ឱ្យចូលរួមជាមួយ RCEP នៅពេលណាដែលត្រៀមខ្លួនរួច។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន Hiroshi Kajiyama បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងតូក្យូនឹងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដែលរួមមានប្រទេសឥណ្ឌា។ នេះនឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកស្ថិតនៅក្នុងក្របខ័ណ្ឌ RCEP និងស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ស៊ីន ហ្សូអាបេ ក្នុងការជំរុញទំនាក់ទំនងជាមួយឥណ្ឌាដើម្បីធ្វើឱ្យមានតុល្យភាពអំណាចដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង។

លោក Kajiyama ដែលមិនមានវត្តមានក្នុងកិច្ចចរចាចុងក្រោយនៅទីក្រុងបាងកកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា “ប្រទេសរបស់យើងចង់ដើរតួនាទីឈានមុខឆ្ពោះទៅរកកិច្ចព្រមព្រៀងដំបូងរវាងប្រទេសទាំង ១៦ រួមទាំងឥណ្ឌាដែលមានគោលបំណងចុះហត្ថលេខានៅឆ្នាំ ២០២០“។
ចិនបានព្យាយាមពន្លឿនកិច្ចព្រមព្រៀង RCEP នៅពេលដែលខ្លួនប្រឈមនឹងកំណើនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះពីសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។ កិច្ចព្រមព្រៀងមួយនឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីបន្ថែមទៀតជាមួយចិន ខណៈរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ជំរុញឱ្យប្រទេសនានាក្នុងតំបន់បញ្ឈប់ប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធរបស់ចិន និងបច្ចេកវិទ្យាទូរគមនាគមន៍ 5G។
កាលពីថ្ងៃ ច័ន្ទ នៅទីក្រុងបាងកកមេដឹកនាំនៃប្រទេសទាំង ១៦ ដែលកំពុងចរចា RCEP បានបោះបង់ចោលការបញ្ចប់ការចរចារនៅដំណាច់ឆ្នាំនេះ ដោយសារមានការបដិសេធពីឥណ្ឌា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅថ្ងៃដដែលបន្ទាប់ពីកិច្ចប្រជុំកំពូលប្រទេសថៃមេដឹកនាំ RCEP បានសន្យាថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២០។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងធ្វើតាំងពីឆ្នាំ ២០១៥ មកម្លេះ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ៛យើងបានកត់សម្គាល់ឃើញថា ប្រទេសចំនួន ១៥ ដែលចូលរួមក្នុង RCEP បានបញ្ចប់ការចរចាផ្អែកលើ ២០ ជំពូក និងបញ្ហាចូលទីផ្សាររបស់ពួកគេ ហើយបានប្រគល់សិទ្ធិឱ្យពួកគេពនិត្យច្បាប់ដើម្បីចាប់ផ្តើមចុះហត្ថលេខានៅឆ្នាំ ២០២០”។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា ឥណ្ឌាមានបញ្ហាគួរឱ្យកត់សម្គាល់ដែលនៅតែមិនទាន់ដោះស្រាយ ដោយលើកឡើងថាខ្លួន និងសមាជិក RCEP ផ្សេងទៀតមិនបានឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗដូចជាពន្ធគយជាដើម។
ឥណ្ឌាមានការព្រួយបារម្ភថាកិច្ចព្រមព្រៀងនេះនឹងបណ្តាលឱ្យមានការហូរចូលនៃផលិតផលកសិកម្ម និងឧស្សាហកម្មដែលមានតំលៃថោករួមទាំងស្មាតហ្វូនមកពីចិនដែលបង្កើនឱនភាពពាណិជ្ជកម្មរបស់ខ្លួនបន្ថែមទៀត។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជឿជាក់ថា ការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះមិនសមស្របនឹងផលប្រយោជន៍របស់ប្រទេសលោកទេ។ ការព្រួយបារម្ភចម្បងផ្តោតជុំវិញទំនិញចិនដែលមានតំលៃថោកកំពុងជន់លិចទីផ្សារឥណ្ឌា។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NDTV លោក Modi បាននិយាយថា “នៅពេលដែលខ្ញុំវាស់ស្ទង់ពីកិច្ចព្រមព្រៀង RCEP ដោយគោរពផលប្រយោជន៍របស់ប្រជាជនឥណ្ឌាទាំងអស់ ខ្ញុំមិនទទួលបានចម្លើយវិជ្ជមានទេ”។
ប្រសិនបើតំបន់ពាណិជ្ជកម្មសេរីដែលនឹងគ្របដណ្តប់ចំនួនពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកត្រូវបានអនុវត្ត សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងចំណោមប្រទេស RCEP នឹងធ្វើឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅលើវិធានការណ៍ដូចជាការលុបបំបាត់ និងការកាត់បន្ថយពន្ធ។
សេដ្ឋកិច្ចនៃបណា្តប្រទេសក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានទំហំប្រមាន ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រជាជនមស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសកលលោក។ ប្លុកនេះមាន ៣១,៦ ភាគរយ នៃផលិតកម្មសរុបលើពិភពលោក មាន២៨,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងមាន ១ ភាគ ៥ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសកលនៅឆ្នាំ ២០១៦។
ការពិភាក្សាស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធនឹងចិន អាស៊ាន អូស្រ្តាលី ឥណ្ឌា ជប៉ុន ញ៉ូវហ្សេឡែន និងកូរ៉េខាងត្បូង បាននិងកំពុងបន្តចាប់តាំងពីឆ្នាំ ២០១២ ហើយខណៈពេលការដំណើរចរចាមានភាពយឺតយ៉ាវដោយបានប្រជុំជាង ២៦ ជុំនៃការចរចា ប្រមុខនៃរដ្ឋជាសមាជិកបានសន្យាកាលពីខែវិច្ឆិកាដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។

ប្រសិនបើបានបញ្ចប់ការពន្លឿនចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នឹងក្លាយជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
លោក Tong Jiadong សាស្រ្តាចារ្យពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Nankai University នៅភាគខាងជើងប្រទេសចិន បាននិយាយថា ក្រុងប៉េកាំងចង់បង្កើនសមាហរណកម្មក្នុងតំបន់តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងមធ្យោបាយផ្សេងទៀតជា ពិសេសដើម្បីផ្លើយតបនឹងភាពតានតឹងរវាងអាមេរិក និងចិន។ លោក បានមានប្រសាសន៍ថា “វិធានការទាំងនេះបានជួយកាត់បន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម”។
យោងតាមតួលេខដែលបានចេញផ្សាយដោយទីក្រុងប៉េកាំងកាលពីដើមខែនេះ ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ានមានតម្លៃ ២៩១,៨ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ ពោលគឺបានកើនឡើង 4 ភាគរយ។ ប្លុកអាស៊ានដែលមានសមាជិក ១០ ប្រទេសគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ២ របស់ចិននៅក្នុងរយៈពេលនេះ បន្ទាប់ពីសហភាពអឺរ៉ុប។ ទិន្នន័យនេះត្រូវបានចេញផ្សាយ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំងរៀបចំធ្វើកិច្ចចរចាជុំចុងក្រោយបំផុតនៃកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here