
ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនថាមពលអគ្គីសនីអគ្គិសនីឡាវ ដែលគ្រប់គ្រងដោយរដ្ឋបានសម្រេចផ្គត់ផ្គង់បណ្តាញអគ្គិសនីជាង ៨០ភាគរយ ដែលនឹងបញ្ជូនអគ្គិសនីទៅបណ្តាញបញ្ជូនអគ្គិសនីកម្ពុជា នៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
ការចុះកិច្ចព្រមព្រៀងទិញអគ្គិសនីរវាងឡាវ និងកម្ពុជាក្នុងអំឡុងដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith មកប្រទេសកម្ពុជាកាលពីខែ កញ្ញា។
ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយ ដោយមានការចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន រួមមានកិច្ចព្រមព្រៀងទិញអគ្គិសនី។
កម្ពុជាបានយល់ព្រមទិញអគ្គិសនីចំនួន ២,៤០០ មេហ្គាវ៉ាត់ពីឡាវ ក្នុង៤ដំណាក់កាលដែលមានរយៈពេល៣០ឆ្នាំ។
ដំណាក់កាលទី១ គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៤ និងបង្កើតថាមពលបាន ៣០០មេហ្កាវ៉ាត់ ហើយដំណាក់កាលទី២ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥ ដោយបង្កើតបាន៦០០មេហ្កាវ៉ាត់បន្ថែមទៀត។
ដំណាក់កាលទី៣ នឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ដែលមានសមត្ថភាពផលិត៦០០មេហ្កាវ៉ាត់ ហើយដំណាក់កាលទី៤ នឹងត្រូវដំណើរការនៅឆ្នាំ២០២៧ និងផលិតថាមពល៩០០មេហ្កាវ៉ាត់បន្ថែមទៀត សម្រាប់ថាមពលសរុប ២,៤០០មេហ្គាវ៉ាត់។
អនុរដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ លោក Thongphath Inthavong បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការងារជាង៨០ភាគរយ ក្នុងការតម្លើងបណ្តាញបញ្ជូន ដែលនឹងបញ្ជួនថាមពលអគ្គិសនីមកកម្ពុជាបានធ្វើរួចរាល់ហើយ។

លោកឱ្យដឹងថា “បច្ចុប្បន្នក្រុមហ៊ុនថាមពលអគ្គីសនីអគ្គិសនីឡាវ កំពុងធ្វើការលើការអភិវឌ្ឍបណ្តាញអគ្គិសនី ដោយសហការជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមបរទេសមួយ។ អនុស្ថានីយ៍នៅស្រុក Khong ខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវគឺជាស្ថានីយ៍ជំនួស ដ៏សំខាន់សម្រាប់ការចែកចាយថាមពល និងភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីនៅស្ទឹងត្រែង”។
ឡាវបាននាំចេញអគ្គិសនីទៅកម្ពុជា វៀតណាម និងថៃរួចហើយ។ ឡាវក៏គ្រោងនឹងនាំចេញថាមពលទៅឱ្យសមាជិកអាស៊ានដទៃទៀត តាមរយៈបណ្តាញអគ្គិសនីក្នុងតំបន់ផងដែរ៕ (ប្រភព Xinhua)៕





