
ដោយ វុត្ថា
ខេត្តកំពតៈ រដ្ឋបាលខេត្តកំពត បានប្រកាសផ្អាកការបំផ្ទុះថ្មនៅតាមការដ្ឋានវាយថ្មសំណង់ ការដ្ឋានថ្មស៊ីម៉ង់ត៍ និងថ្មកំបោរគ្រប់ប្រភេទ ក្នុងថ្ងៃសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ង់ត៍ថៃ ប៊ុនរ៉ុង ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានចេញផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ ជូនគណៈប្រតិភូភ្ញៀវជាតិ អន្តរជាតិក្នុងដំណើរមកចូលរួមក្នុងពិធីប្រកបដោយសុវត្ថិភាព ១០០% ដោយគ្មានការរំខាន។
រដ្ឋបាលខេត្តកំពត បានស្នើដល់ម្ចាស់ការដ្ឋានថ្មសំណង់ និងការដ្ឋានថ្មស៊ីម៉ងត៍ ថ្មកំបោរគ្រប់ប្រភេទេ ដូចតទៅ ១) ហាមដាច់ខាតការបំផ្ទុះថ្មនៅតាមការដ្ឋានទាំងអស់ ចាប់ពីម៉ោង ១៤ : ០០ នាទីរសៀល នៅថ្ងៃទី ១៣ រហូតដល់ម៉ោង ១៨ :០០ នាទីរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ជាកំហិត។ ២) ករណីមានការបំផ្ទុះនៅក្នុងកាលបិរិច្ឆេទ នៃការហាមឃាត់ខាងលើ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ ៣) ផុតកាលបរិច្ឆេទ នៃការហាមឃាតខាងលើ ការដ្ឋានទាំងអស់អាចដំណើរការបំផ្ទុះតាមធម្មតា។
ក្រុមហ៊ុន ថៃប៊ុនរ៉ុង បានចំណាយដើមទុនវិនិយោគជាទឹកប្រាក់សរុប្រមាណ ១២០ លានដុល្លារអាមេរិក សម្រាប់ការកសាងរោងចក្រស៊ីម៉ងតិ៍នេះ និងគម្រោងកំណែទម្រង់បច្ចេកវិទ្យាផលិតកម្ម ។ ខ្សែសង្វាក់ផលិកម្មថ្មីនេះ បំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពផលិតស៊ីម៉ងតិ៍ បានប្រមាណ២លានតោនក្នុង១ឆ្នាំ និងផ្តល់ឪកាសការងារដល់ពលរដ្ឋកម្ពុជាបានចំនួន៣០០នាក់។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់មានប្រសាសន៍កន្លងមកនេះថា រោងចក្រស៊ីម៉ង់តិ៍នៅកម្ពុជា នឹងចូលរួមចំណែកច្រើន ក្នុងការផ្គត់ផ្គង់សភារៈសំណង់ នៅកម្ពុជា និងកាត់បន្ថយការនាំចូលស៊ីម៉ងតិ៍មកពីបរទេស៕






