ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងគោលបំណងរឹតបន្តឹងចំណងធុរកិច្ច និងវិស័យពាណិជ្ជកម្មនៃប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរ មន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្មអាមេរិក បានចូលជួបសម្ដែងការគួរសម និពិភាក្សាការងារមួយចំនួនជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
កិច្ចជំនួបពិភាក្សាការងារដោយផ្តោតសំខាន់លើកិច្ចពង្រឹង និងធ្វើពិពិធកម្មពាណិជ្ជកម្មរវាងប្រទេសទាំង២ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានសម្តែងនូវភាពសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាមួយសមាជិកជាន់ខ្ពស់នៃសមាគមធុរកិច្ច និងវិស័យឯកជនអាមេរិក។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកថ្មីៗនេះ លោករដ្ឋមន្ត្រីក៏បានឆ្លៀតជួបពិភាក្សា ជាមួយឯកឧត្តម ប៉ាទ្រីក មើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ហើយនៅក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រីបានលើកសំណើឱ្យសហរដ្ឋអាមេរិក ក្នុងការពង្រីកការវិនិយោគរបស់ខ្លួន មកប្រទេសកម្ពុជាឱ្យបានរឹតតែច្រើនបន្ថែមទៀត ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវហាយវ៉េ ក៏ដូចជាក្នុងវិស័យថាមពលផងដែរ។
លោក ចន ហ្គយ័រ (John Goyer) នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក (US Chamber of Commerce) បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានទទួលជួបព្រមទាំងទទួលយកសំណើរ ដែលបានលើកឡើង។ លោក ហ្គយ័រ ក៏បានរាយការណ៍ជូនផងដែរអំពីលទ្ធផល នៃកិច្ចប្រជុំរវាងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (US Chamber of Commerce) ដោយភាគីទាំងពីរក៏យល់ដូចគ្នាដែរថា ពេលនេះជាពេលល្អ ដើម្បីរឹតបន្តឹងចំណងធុរកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកហ្គយ័រ ក៏បានលើកឡើងដែរថា កិច្ចការបន្ទាប់ដែលសភាពាណិជ្ជកម្មអាមេរិកត្រូវធ្វើបន្ទាប់ គឺលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិកយល់ច្បាស់បន្ថែម ពីបរិយាកាសធុរកិច្ចនៅកម្ពុជា។
ទាក់ទងនឹងការងារនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ធុរជនអាមេរិក គួរតែចុះមកពិនិត្យបរិយាកាសធុរកិច្ចកម្ពុជាដោយផ្ទាល់ ទើបអាចយល់កាន់តែច្បាស់។ ម្យ៉ាងទៀតធុរជន និងវិនិយោគិនអាមេរិកគួរតែយល់ថា ការវិនិយោគនៅកម្ពុជា គឺមិនមែនសម្រាប់តែធ្វើធុរកិច្ចនៅកម្ពុជាប៉ុណ្ណោះទេ គឺដើម្បីធ្វើធុរកិច្ចនៅក្នុងអាស៊ានទាំងមូល ហើយជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ (RCEP) ដែលនឹងឈានមកដល់ដំណាក់កាលបញ្ចប់ខាងមុខនេះ។
លោកបន្តទៀតថា ទោះបីជាមិនមានប្រទេសឥណ្ឌាចូលរួមក៏ដោយ ក៏នៅតែជាទីផ្សារមួយដ៏ធំទូលំទូលាយដែរ ហើយដោយកម្ពុជាស្ថិតនៅចំកណ្ដាលអាស៊ាន ទីតាំងកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍ ក្នុងការក្លាយជាទីតាំងផលិត ដើម្បីផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់តំបន់។

កិច្ចសំខាន់គឺការពង្រឹងការទំនាក់ទំនង និងកិច្ចពិភាក្សារវាងសមាគមធុរកិច្ចអាមេរិក និងរាជរដ្ឋាភិបាល។ ក្នុងករណីចាំបាច់ក្រុមហ៊ុន ឬសភាពាណិជ្ជកម្មអាមេរិកក៏អាចចូលរួមក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕






