ដោយ វុត្ថា
កំពត៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ថា ប្រទេសកម្ពុជាចំណេញលុយប្រមាណ ៥០០លានដុល្លារ ពីការទិញស៊ីម៉ង់តិ៍ពីក្រៅប្រទេស សម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស បន្ទាប់ពីមានរោងចក្រស៊ីម៉ង់តិ៍ទាំង៥នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ុង» នៅខេត្តកំពត នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ បឱ្យដឹងថា សមត្ថភាពនៃការផលិតស៊ីម៉ងត៍របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មានប្រមាណ ៨លានតោនក្នុងមួយឆ្នាំសម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុក ដែលធ្វើឱ្យប្រទេសកម្ពុជាចំណេញប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។
សម្តេចតេជោ បន្តថា “ទាំងនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផលិតនូវផលិតផលអ្វីដែលយើងអាចផលិតបាន ជំនួយអោយការនាំចូលពីបរទេស និង រហូតដល់យើងអាចមានសមត្ថភាពនាំចេញទៅក្រៅប្រទេសទៀតផង”។
តែយ៉ាងណាក៏ដោយសម្តេចតេជោបញ្ជាក់ថា ប្រទេសកម្ពុជានៅតែខ្វះវត្ថុធាតុដើម ផលិតជាស៊ីម៉ងត៍បាន ដោយនៅក្នុង ចំណោម ២៥ រាជធានី-ខេត្ត-ក្រុង គឺមានខេត្តតែ៣ប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតស៊ីម៉ង់ត៍រួមមាន ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យមានសមត្ថភាពបន្តិចបន្តួចប៉ុណ្ណោះ បើទោះបីកម្ពុជាមានភ្នំច្រើនយ៉ាងណាក្តី។
សម្តេចតេជោបញ្ជាក់ទៀថា សម្រាប់ខេត្តកំពតវិញគឺក្នុងចំណោមរោងចក្រស៊ីម៉ង់ត៍៥ មានរោងចក្រស៊ីម៉ង់ត៍ ៤នៅក្នុងខេត្តនេះ មានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ជិត ៦លានតោន ដើម្បីផ្គត់ផ្គង់នូវតម្រូវការនៅទូទាំងប្រទេស។ សម្តេចតេជោ បានសម្តែងនូវមោទនភាពចំពោះសេដ្ឋកិច្ចកម្ពុជា ដែលមានការកើនឡើងដូចពេលបច្ចុប្បន្ន ដែលជំរុញឱ្យមាន លទ្ធភាពបង្កើតឧស្សាហកម្មធុនធ្ងន់ដូចជារោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី និង ទៅអនាគតខេត្តកំពតនេះ នឹងអាចបង្កើតបាននូវគម្រោងរោងចក្រចំរាញ់ប្រេងបានមួយទៀតនោះ នឹងធ្វើឱ្យមានរោងចក្រធុនធ្ងន់កាន់តែច្រើនបន្ថែមទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការស៊ីម៉ង់ត៍រាប់លានតោនដើម្បីផ្គត់ផ្តង់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា មិនដូចពីឆ្នាំ ១៩៧៩ ក្រោយរំដោះពីរបបពលពតគឺគឹកម្ពុជាត្រូវការរាប់ពាន់តោន ឬរាប់ម៉ឺនតោនប៉ុណ្ណោះ ៕






