ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមឆ្នាំ២០២០ឆាប់ៗខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើសេចក្ដីព្រាងច្បាប់ រួមជាមួយការសម្រេចអនុម័តជាស្ថាពរ ទៅលើច្បាប់ប្រកួតប្រជែងពាណិជ្ជកម្មឱ្យស្របទៅនឹងបណ្តាប្រទេសនានាដែលជាសមាជិកអាស៊ាន។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានមានប្រសាសន៍នៅក្នុងកិច្ចអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកនៃសន្និសីទអាស៊ានស្តីពី ការប្រកួតប្រជែងលើកទី៨ ក្រោមប្រធានបទ «ការឈានទៅរកគោលដៅ និងការដោះស្រាយបញ្ហាប្រឈម» កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកថា «ច្បាប់ស្ដីពីការប្រកួតប្រជែង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច»។
លោកប៉ាន សូរស័ក្ដិ បានលើកឡើងថា នៅក្នុងផែនការសកម្មភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០០៧ (AEC Blueprint 2007) ប្រទេសសមាជិកអាស៊ានទាំងអស់បានប្ដេជ្ញាចិត្ត ក្នុងការរៀបចំឱ្យមានច្បាប់ប្រកួតប្រជែងរបស់ខ្លួន ហើយមកទល់ពេលនេះមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលមិនទាន់មានច្បាប់ប្រកួតប្រជែងនៅឡើយ។ ប៉ុន្តែទោះជា យ៉ាងណាក្ដី ក្រសួងពាណិជ្ជកម្មសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការប្រកួតប្រជែងនេះ នឹងត្រូវបានអនុម័តជាស្ថាពរនាដើមឆ្នាំ២០២០ ឱ្យស្របជាមួយនឹងបណ្តាប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត។
ក្រសួងពាណិជ្ជកម្មសម្រេចបានការអនុម័តពីរដ្ឋសភានិងព្រឹទ្ធសភា លើច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ហើយបើរួមជាមួយនឹងច្បាប់ស្តីពីការប្រកួតប្រជែង ដែលនឹងត្រូវអនុម័តនាពេលខាងមុខ ច្បាប់ទាំងនោះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រការធ្វើពាណិជ្ជកម្ម ការលើកកម្ពស់ទីលានប្រកួតប្រជែងដោយស្មើ ភាព ការបង្កើតធុរកិច្ចថ្មីៗ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ ស្របតាមការវិវត្តន៍បច្ចេកវិទ្យា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបម្រែបម្រួលបរិយាកាសធុរកិច្ច ដែលកំពុងកើនឡើងឥតឈប់ឈរ។
លើសពីនោះច្បាប់ និងគោលនយោបាយប្រកួតប្រជែង ជាកត្តាសំខាន់មួយក្នុងការទាក់ទាញវិនិយោគិនបរទេសមកវិនិយោគក្នុងប្រទេស ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់នូវទំនិញ និងសេវាដែលមានជម្រើសច្រើន គុណភាពខ្ពស់ និងតម្លៃទាបនោះទេ ប៉ុន្តែថែមទាំង បង្កើនផលិតភាពនិងការច្នៃប្រឌិត ដែលជាធាតុមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ទាក់ទងនឹងការអនុវត្តនាពេលអនាគត លោករដ្ឋមន្ត្រីបានយល់ឃើញបញ្ហាមួយចំនួន ដែលទាមទាឱ្យមានការចែករំលែកបទពិសោធន៍ និងចំណេះដឹងរវាងស្ថាប័នប្រកួតប្រជែងថ្មី និងស្ថាប័នប្រកួតប្រជែងដែលមានស្រាប់ និងមានភាពចាស់ទំ។ បញ្ហាថ្មីៗទាំងនោះ គឺពាក់ព័ន្ធដល់ការប្រកួតប្រជែង ដែលអាចកើតមានឡើងក្នុងសេដ្ឋកិច្ចឌីជីថល ដោយសារការអភិវឌ្ឍយ៉ាងលឿន នៃបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល ទម្រង់នៃការធ្វើធុរកិច្ចថ្មីៗត្រូវបានបង្កើតឡើង ដើម្បីប្រកួតប្រជែងគ្នារវាងក្រុមហ៊ុននៅក្នុងទីផ្សារ ដែលជាសញ្ញាណថ្មីដល់ស្ថាប័នអនុវត្តច្បាប់ប្រកួតប្រជែង ដើម្បីធានាថាមានការប្រកួតប្រជែងដោយស្មើភាព ទោះស្ថិតនៅក្នុងទម្រង់ប្រភេទណាក៏ដោយ ទាំងក្នុងទីផ្សារជាក់ស្តែង និងទីផ្សារអនឡាញ។
ក្នុងបរិបទនេះ ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងការស៊ើបអង្កេត ដើម្បីស្វែងរកបទល្មើសក្រោមច្បាប់ស្តីពី ការប្រកួតប្រជែងរវាងស្ថាប័នប្រកួតប្រជែង គឺមានសារៈសំខាន់ខ្លាំងណាស់ ដែលទាំងនោះផងដែរ ជាកម្មវត្ថុនៃសន្និសីទនេះ។
លោក ម៉ៃឃើល ថេនេ អគ្គលេខាធិការរងអាស៊ាន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារប្រកួតប្រជែង។ ក្នុងប្រធានបទនោះ ក៏បានជម្រាបជូនអង្គសន្និសីទថា ការអនុវត្តគោលនយោបាយប្រកួតប្រជែង នឹងលើកកម្ពស់នវានុវត្តន៍ និងការចូលរួមនៃផលិតកម្មក្នុងតំបន់ ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ហើយដើម្បីសម្រេចបានគោលដៅទាំងនោះ ក្រុមការងារមួយហៅថា ក្រុមជំនាញការកិច្ចការប្រកួតប្រជែងអាស៊ាន (ASEAN Experts Group on Competition – AEGC) ត្រូវបានបង្កើតឡើង។
ជាមួយនោះដែរ ក្រុមការងារនេះ ក៏ទទួលខុសត្រូវលើការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រចំនួន៤ទៀត គឺការពង្រឹងបរិយាកាសច្បាប់ប្រកួតប្រជែងនៅអាស៊ាន ការអភិវឌ្ឍសមត្ថភាពស្ថាប័នប្រកួតប្រជែង កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន រវាងស្ថាប័នប្រកួតប្រជែង និងការធ្វើសុខដុមនីយកម្មច្បាប់ប្រកួតប្រជែងនៅអាស៊ាន៕






