សេដ្ឋកិច្ច​ជប៉ុន​បាន​ដាំ​ក្បាល​ចុះ​នៅ​ត្រីមាស​ទី៣​

0

ដោយ​ Donald​ Lee​

តូ​ក្យូៈ​ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​ទើបនឹង​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​បាន​អោយ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី៣នៅ​លើ​ពិភពលោក​ បាន​ចាប់ផ្តើម​ដាំ​ក្បាល​ចុះ​នៅក្នុង​ត្រីមាស​ទី៣​ នៃ​ឆ្នាំនេះ​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​ បាន​កើន​សរុប​តែ០​,២ភាគរយ​។

យោង​តាម​ក្រុម​អ្នកវិភាគ​បាន​ឲ្យដឹង​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​បាន​ធ្លាក់ចុះ​ពី១​,៦ ភាគរយ​ពី​ត្រីមាស​មុន​ ដោយសារតែ​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ រវាង​សហរដ្ឋអាមេរិក​ និង​ចិន​។ សេដ្ឋកិច្ច​ជប៉ុន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការនាំចេញ​ និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ភ័ស្តុភារ​សំ​ខាន់​ៗនៅ​ជុំវិញ​ពិភពលោក​។

លើស​ពីនេះ​ទៀត​សង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ខាងត្បូង​ដែល​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​មិន​ទទួល​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​នេះ​ បាន​ឈាន​ដល់​កំរិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​មិន​ទិញ​ រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន​ (Made​ in​ Japan​) ចាប់តាំងពី​ប្រទេស​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ បច្ចេកវិទ្យា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​។

សង្រ្គាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ចន្លោះ​ឆ្នាំ១៩១០​ ដល់​ ១៩៤៥​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here