រដ្ឋមន្ត្រី​សាធារណៈការ​អញ្ជើញ​អ្នក​ធុរកិច្ច​អាមេរិក​-អាស៊ាន​មក​វិនិយោគ​នៅ​កម្ពុជា​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ស៊ុន​ ចាន់​ថុ​លបាន​អញ្ជើញ​ គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ស្វែងយល់​ឱកាស​វិនិយោគ​ និង​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ស៊ុន​ ចាន់​ថុ​លនៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ និង​ក្រុម​ហ៊ុន​ធំៗ​របស់​អាមេរិក​ 3M​, Autodesk​, FedEx​ Express​ និង​ UPS​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី ១៤ខែវិច្ឆិកា​ ម្សិលមិញ​នេះ​ បាន​សន្យា​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​អាមេរិក​ ដែល​មានបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សា​ អំពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ កំណើន​សេដ្ឋកិច្ច​ថេរ​ បរិយាកាស​នយោបាយ​ល្អ​ គោលនយោបាយ​គាំទ្រ​វិនិយោគ​ ទីតាំង​ប្រកបដោយ​អត្ថ​ប្រយោជន៍​និង​យុទ្ធសាស្ត្រ​ និង​កត្តា​សក្តា​នុ​ពល​ផ្សេង​ៗ ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។

លោក​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​ ក៏​បា​នន​គូស​លើកឡើង​អំពី​ កំណែទម្រង់​សំ​ខាន់​ៗដែល​បាន​បញ្ចប់​ និង​កំពុង​អនុវត្តន៍​នៅ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ព្រមទាំង​ផែនការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។

ក្នុង​កំឡុង​ពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ដឹកជញ្ជូន​អាស៊ាន​ លើក​ទី២៥​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដឹកនាំ​ដោយ​លោក​ Michael​ Michalak​ អនុប្រធាន​ជាន់ខ្ពស់​ និង​ជានា​យក​គ្រប់គ្រង​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-អាស៊ាន​ ដែល​តំណាង​មក​ពី​ក្រុម​ហ៊ុន​ធំៗ​របស់​អាមេរិក​៖ 3M​, Autodesk​, FedEx​ Express​ និង​ UPS​។

កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ វិធី​ដែល​វិស័យ​ឯកជន​របស់​សហរដ្ឋអាមេរិក​ អាច​គាំទ្រ​ ដល់​ផែនការ​ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​អាស៊ាន​ និង​ដំណោះស្រាយ​លើ​គម្លាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ ការជំរុញ​បរិយាកាស​ហិរញ្ញប្បទាន​ហេដ្ឋារចនាសម្ព័ន្ធ​ តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ប្រកបដោយ​តម្លាភាព​ ការ​លើកកម្ពស់​តម្លៃ​នៃ​បច្ចេកវិទ្យា​នៅក្នុង​ការរៀបចំ​សិក្សា​គំនូស​ប្លង់​ និង​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ការប្រែប្រួល​អាកាសធាតុ​ និង​ភាព​ធន់​នឹង​គ្រោះមហន្តរាយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here