ដោយៈរ៉ាណេត
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចិនប្រមាណជាង១០០ ស្ថិតនៅក្នុងសម្ព័ន្ធធុរកិច្ចនៃខេត្តហ្វូជៀន ប្រទេសចិន បានមកសិក្សាពីសក្ដានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសវិស័យឧស្សាហកម្ម ដើម្បីស្វែងរកឱកាសវិនិយោគជាដៃគូនៅកម្ពុជាបន្ថែមទៀត។

សម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀនត្រូវបានដឹកនាំដោយ លោកហ៊ូ ស៊ីនវូ (Huaxin Wu) ប្រធានក្រុមហ៊ុន Eversun Holding Group Co. Ltd និងជាសមាជិកសភាប្រជាជនខេត្តហ្វូជៀន និងមានសហការីមួយចំនួនទៀត បានទទួលការអនុញ្ញាតចូលជួបសម្ដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្ដីក្រសួងពាណិជ្ជកម្ម។
លោកហ៊ូ ស៊ីនវូ បានកោតសរសើរពីភាពរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ពិតជាមានល្បឿនមួយដ៏គួរឱ្យកត់សម្គាល់។ បន្ថែមពីនេះ លោកក៏មានបំណងពិនិត្យលើសក្ដានុពលដើម្បីធ្វើការវិនិយោគ ដោយនៅក្នុងសម្ព័ន្ធនេះគឺមានក្រុមហ៊ុនប្រមាណ១០០ ដែលមានជំនាញនិងបទពិសោធន៍ចម្រុះ រួមមានការផលិតឧបករណ៍អេឡិចត្រូនិក កែច្នៃដែកថែប សំណង់ និងហេដ្ឋារចនាសម្ព័ន្ធ សេវាហិរញ្ញវត្ថុ ប្រព័ន្ធទឹកស្អាត និងចម្រាញ់ប្រេងឥន្ធនៈ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ បានគាំទ្រនូវគោលបំណងរបស់សម្ព័ន្ធធុរកិច្ចរបស់ខេត្ត ហ្វូជៀន ទាំងស្រុង រួមជាមួយនឹងការលើកទឹកចិត្តឱ្យមានការសហការវិនិយោគរួមគ្នាដែលត្រូវទៅនឹងបទពិសោធន៍ និងជំនាញនិមួយៗរបស់ក្រុមហ៊ុន ជាពិសេសការផលិតទឹកស្អាត ជាការងារមួយដែលកំពុងតែមានតម្រូវការខ្ពស់ នៅខេត្តព្រះសីហនុ ហើយក្រៅពីនេះ កម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហូបនីយកម្ម ដូចនេះនឹងមានតម្រូវការច្រើនលើការកែច្នៃដែកថែប អេឡិចត្រូនិក និងថាមពល ។ល។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យសម្ព័ន្ធធុរកិច្ចខេត្តហ្វូជៀន ពិនិត្យលទ្ធភាពចូលរួមកែច្នៃផលិតផលកសិកម្ម ដូចជា ស្វាយ ចេក មៀន ដំឡូងមី កៅស៊ូ និងកសិផលដទៃទៀតដើម្បីធ្វើការនាំចេញ ដោយកសិផលទាំងនោះ ជាកសិផលដែលមានការផលិតច្រើននៅកម្ពុជា។ ចំពោះការវិនិយោគលើហេដ្ឋារចនារូបវន្ត ក្រុមហ៊ុនចិនអាចស្វែងយល់បន្ថែមលើការវិនិយោគក្រោមរូបភាពសម្បទាន ឬការចាប់ជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ និងហិរញ្ញប្បទានបន្ថែមពីក្របខណ្ឌផ្លូវមួយ ខ្សែក្រវាត់មួយ៕






