តើ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ដូចម្ដេច​ ដើម្បី​ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​ពី​អាមេរិក​?

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ជាមួយនឹង​គោលបំណង​ពង្រីក​នូវ​វិសាលភាព​ និង​ឥទ្ធិពល​សេដ្ឋកិច្ច​បន្ថែម​នៅក្នុង​តំបន់​អាស៊ាន​ មន្ត្រី​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​បាន​មកកាន់​កម្ពុជា​ ធ្វើការ​សិក្សា​ និង​សម្លឹង​ពី​សក្ដានុពល​ រួម​ជាមួយ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​ ដើម្បី​ឈាន​ដល់​ការ​បង្ហូរ​ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​មួយ​នេះ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ដែល​ជាស​មា​ជិ​កព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក​មកកាន់​កម្ពុជា​នៅពេល​នេះ​ វា​គឺជា​សញ្ញា​ល្អ​មួយ​ដែល​បង្ហាញថា​ អាមេរិក​កំពុងតែ​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​នៅក្នុង​ការពង្រីក​កិច្ច​ទំនាក់ទំនង​លើ​ការ​វិនិយោគ​ និង​ពង្រីក​ទំហំ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ “នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​មាន​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ជា​ប្រធាន​ដឹកនាំ​ លោក​ អេ​រិច​សិន​ ដើក​ (Ericksen​ Doug​) សមាជិកព្រឹទ្ធសភា​អាមេរិក​ បាន​បញ្ជាក់​ថា​ គោលបំណង​ដែល​លោក​មកកាន់​កម្ពុជា​ គឺ​ធ្វើការ​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​ និង​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​អំពី​វឌ្ឍនភាព​នានា​នៅ​កម្ពុជា​ ដើម្បី​លើកកម្ពស់​មិត្តភាព​រវាង​ប្រទេស​ទាំង២​ ក៏ដូចជា​ជំរុញ​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ​

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ខាង​ភាគី​សហរដ្ឋអាមេរិក​ បាន​ស្នើសុំ​កិច្ចសហការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​ធុរកិច្ច​នានា​ទាក់ទាញ​វិនិយោគិន​អាមេរិក​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ រួម​ជាមួយនឹង​ការសន្យា​ជួយ​សម្របសម្រួល​ កៀងគរ​វិនិយោគិន​ និង​ធុរជន​អាមេរិក​ ធ្វើទស្សនកិច្ច​មកកាន់​កម្ពុជា​ ដើម្បី​ពួកគេ​បាន​ជ្រាប​ច្បាស់​អំ​ពី​សក្តា​នុ​ពល​សេដ្ឋកិច្ច​ និង​ទីផ្សារ​កម្ពុជា​”។

ជាមួយគ្នា​នេះ​ សមាជិកព្រឹទ្ធសភា​អាមេរិក​រូប​នេះ​ ក៏បាន​អញ្ជើញ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ធ្វើទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

អ្នកវិភាគ​ និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃជា​មួយ​គ្នា​នេះ​ផង​ដែរ​ថា​ កិច្ច​ជំនួប​ពិភាក្សា​ការងារ​ និង​ការ​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​នៅពេល​នេះ​ គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ទៅលើ​ការសិក្សា​តែប៉ុណ្ណោះ​។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​ទីផ្សារ​កម្ពុជា​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​ដែល​បាន​ក្លាយជា​ដៃគូ​វិនិយោគ​ជាមួយ​អាមេរិក​ កម្ពុជា​ហាក់​មាន​ភាព​តូច​ចង្អៀត​ជាងគេ​បន្តិច​”។

លោក​បណ្ឌិត​ ហុង​ វណ្ណៈ​ បាន​មាន ប្រសាសន៍​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​កាលពី​ពេល​កន្លងទៅ​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ យើង​ឃើញ​មាន​ទំហំ​ធំ​គួរសម​ ប៉ុន្តែ​បើ​ចំពោះ​ការ​បណ្តាក់​ទុន​វិនិយោគ​នៅ​មិនទាន់​មាន​ភាព​លេចធ្លោ​នៅឡើយ​នោះ​ទេ​ ហើយក៏​ទាន់​ដឹង​ច្បាស់​ថា​ អាមេរិក​ មក​នៅពេល​នេះ​មាន​គម្រោង​វិនិយោគ​ទៅលើ​វិស័យ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ដែរ​ ដោយសារតែ​ទំហំ​ទីផ្សារ​វិនិយោគ​នៅ​កម្ពុជា​ចំពោះ​អាមេរិក​ គឺ​មានកម្រិត​ណាស់​”។

លោក​បាន​បន្ត​ទៀត​ថា​ “សម្រាប់​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ដែល​ជា​ដៃគូ​វិនិយោគ​របស់​អាមេរិក​គឺ​មាន​ច្រើន​រួច​ខ្លះទៅ​ហើយ​ ដូចជា​ប្រទេស​ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ហ្វីលីពីន​ ជាដើម​ ដែល​ប្រទេស​ទាំងនេះ​សុទ្ធតែ​មាន​ទីផ្សារ​ធំជាង​កម្ពុជា​”។ លោក​បាន​បន្ត​ទៀត​ថា​ “យ៉ាងណាក៏ដោយ​ ក្នុង​ន័យ​សេដ្ឋកិច្ច​ ឱ្យ​តែ​មានការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ មិនថា​ទំហំ​ប៉ុនណា​នោះ​ទេ​ គឺ​សុទ្ធតែ​ជា​ចំណុច​វិជ្ជមាន​ទាំងអស់​ ហើយ​បើ​ប្រទេស​មហាអំណាច​អាមេរិក​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​ វា​កាន់តែ​ល្អ​ប្រសើរ​ចំពោះ​សេដ្ឋកិច្ច​”។

លោក​បាន​បញ្ជាក់​ថា​ “កម្ពុជា​មាន​សក្ដានុពល​ទៅលើ​ធនធាន​នៃ​វត្ថុធាតុដើម​ ជាពិសេស​ផ្នែក​កសិកម្ម​ សម្រាប់​ផលិត​ និង​កែច្នៃ​ក្នុង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មានចំណេះ​ និង​ជំនាញ​ផ្នែក​បច្ចេកទេស​នៅឡើយ​នោះ​ទេ​ ដូច្នេះ​ អាមេរិក​អាច​វិនិយោគទុន​ដោយ​យក​កម្ពុជា​ធ្វើជា​ទីតាំង​ផលិត​ ដូចជា​ការបង្កើត​រោងចក្រ​កែច្នៃ​សម្រាប់​នាំចេញ​ជាដើម​ ដែល​ចំណុច​នេះ​ក៏អាច​ជា​ជម្រើស​ល្អ​សម្រាប់​អាមេរិក​ផង​ដែរ​”។

លោក​បន្ថែម​ថា​ “ក្រៅពី​នេះ​ អាមេរិក​ ក៏អាច​វិនិយោគ​ទៅលើ​វិស័យ​ទេសចរណ៍​ជាមួយ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការបង្កើត​ភ្នាក់ងារ​ទេសចរ​រវាង​ អាមេរិក​ និង​កម្ពុជា​ ខណៈ​ដែល​កម្ពុជា​ ក៏​ជា​ប្រទេស​ដែល​មាន​អំណោយផល​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ផង​ដែរ​នោះ​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here