ដោយ នៅ ស៊ីវុត្ថា
ខេត្តព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានលើកឡើងថា ខេត្តព្រះសីហនុ នឹងក្លាយជាអ្នកទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដ៏សំខាន់ព្រោះការអភិវឌ្ឍន៍ថ្មីៗ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម សម្រាប់ធ្វើឱ្យខេត្តព្រះសីហនុ ឈានទៅដឹកនាំសេដ្ឋកិច្ចនៃប្រទេសកម្ពុជានៅពេលខាងមុខ។

លោកសាយ សំអាល់ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្រុកព្រៃនប់ ខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឱ្យដឹងថា ប្រទេសមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចជាប្រចាំ ហើយប្រជាពលរដ្ឋ បានប្រែក្លាយជីវភាពពីការរស់នៅតាមជនបទ មកធ្វើការជាបុគ្គលិក កម្មករ និយោជក ហើយបាននិងកំពុងអភិវឌ្ឍន៍ជីវភាពបន្ថែមទៀត ទៅជាអ្នកធ្វើការងារ និងគ្រប់គ្រងវិស័យសេវាកម្ម យ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា“កម្ពុជាបានកំណត់ទស្សនវិស័យយ៉ាងច្បាស់លាស់ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០”។
លោកសាយ សំអាល់បានឱ្យដឹងបន្តថា នៅក្នុងផែនការយុទ្ធសាស្រ្ត ខេត្តព្រះសីហនុកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ដែលក្នុងនោះគម្រោងស្ថាបនាផ្លូវ៣៤ខ្សែចំណាយទឹកប្រាក់ប្រមាណ៣០០លានដុល្លារ និងសម្ពោធបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់បានឱ្យដឹងកន្លងមកនេះថា រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្ម។
លោកអភិបាលខេត្តរូបនេះបន្ថែមថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបាននូវការចាប់អារម្មណ៍ បណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស លើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មាឆ្នាំកន្លងមកនេះ ក្រៅពីការវិនិយោគលើវិស័យសណ្ឋាគារ ខុនដូ និងអចលនទ្រព្យផ្សេងទៀត បាននិងកំពុងទាក់ទាញលើការវិនិយោគលើវិស័យកាស៊ីណូយ៉ាងច្រើនគម្រោង និងបានដាក់ឱ្យដំណើរនូវគម្រោងជាច្រើនផងដែរ ដើម្បីឆ្លើតបទៅនឹងកំណើនការវិនិយោគ និងទេសចរណ៍ចូលទៅក្នុងខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ៕






