ដោយ វុត្ថា
ភ្នំពេញ៖ ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ គ្រោងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីត្រៀមរៀបចំពិធីសម្ភោធផ្សារគំរូព្រំដែនកម្ពុជាគណៈកម្មការគ្រប់គ្រងគម្រោងសម្រាប់អនុវត្តការសាងសង់ផ្សារព្រំដែនកម្ពុជានៃអជ្ញាធរខេត្តត្បូងឃ្មុំកាលពីពេលថ្មីៗ ។

តែយ៉ាងណាកិច្ចប្រជុំនេះ មិនបានបញ្ជាក់ពេលវេលាជាលាក់ក្នុងការសម្ភោធផ្សារគំរូជាប់ព្រំដែននេះនៅឡើយទេ។ផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម លើកដំបូងឈ្មោះថា «ផ្សារដា» ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ក្រោមគណៈអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក វ៉ូ ហ្គុងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំនឿថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។ លើសពីនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ បានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោកថា «ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម» ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែម។
លោក វ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាម បានឱ្យដឹងដែរថា ពិធីបើកការដ្ឋានសាងសង់ផ្សារដាថ្ងៃនេះ គឺដើម្បីអបអរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែកពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត។
លោកទូតបន្ថែមថា «ខ្ញុំសង្ឃឹមថាការសាង់សង់ផ្សារដានេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយនឹងក្លាយជាគំរូនៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ» ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់។

គម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,០០០លានដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕






